សន្ដិសុខសង្គម

បញ្ជូនប្តីប្រពន្ធចូលក្នុងផ្សារបន្លំលួចមាសជាង១០តម្លឹងទៅតុលាការ

កំពង់ស្ពឺ៖កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានចាប់ជនសង្ស័យប្តីនិងប្រពន្ធ ក្រោយពីចូលក្នុងផ្សារ​បន្លំលួចមាសជាង១០តម្លឹងពីអាជីវករម្នាក់ និងបញ្ជូនទៅតុលាការ។

ករណីនេះបានកើតឡើងនៅផ្សារក្រាំងចេក ស្ថិតក្នុងភូមិគោកសណ្តែក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅ។ មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនជាប្រពន្ធ ឈ្មោះស៊ឹម ឡេង អាយុ៥៥ឆ្នាំ នៅភូមិក្រងស្វាយ ឃុំស្វាយអំពា ស្រុកមុខកំពូល ខេត្តកណ្តាល។ប្តីឈ្មោះឡោ ថុល អាយុ៥៦ឆ្នាំ នៅភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

មន្ត្រីដដែលបានបន្តថា ប្តីនិងប្រពន្ធនេះបានចូលក្នុងផ្សារបន្លំលួចមាសជាង១០តម្លឹងពីជនរងគ្រោះ​ឈ្មោះចុន ចំរើន អាយុ៤៣ឆ្នាំ មុខរបរលក់មាសនៅផ្សារក្រាំងចេក ភូមិទួលស្តៅ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតខ្សែក១០ខ្សែ-ក្រវិល៣០គូ-បន្តោងខ្សែកចំនួន២០ ជារបស់ជនរងគ្រោះ។

ជាមួយនោះក៏បានដកហូតទូរសព្ទដៃ៤គ្រឿង-នាឡិកា១គ្រឿង-រថយន្តម៉ាកកាមរីមួយគ្រឿង ។បន្ទាប់ពីសាកសួរជនសង្ស័យខាងលើរួច ត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅ​តុលាការចាត់ការតាមនីតិវិធីនៅថ្ងៃទី២០កុម្ភៈនេះ៕ដោយ៖វិចិត្រ