សន្ដិសុខសង្គម

ត្រៀមបញ្ជូនបុគ្គលិកក្រុមហ៊ុន MotorPark ២នាក់ទៅតុលាការ

មណ្ឌលគិរី៖ផ្នែករដ្ឋបាលព្រៃឈើក្រោយបង្រ្កាបឈើខុសច្បាប់ បានឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុន​MotorPark២នាក់ ហើយត្រៀមបញ្ជូនទៅតុលាការកាលពីថ្ងៃទី១៩ខែកុម្ភៈ។

ប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយបង្ក្រាបឈើទ្រង់ទ្រាយធំដែលលួចលាក់ខុសច្បាប់នៅ​ទីតាំងទីលានប្រណាំងរថយន្តក្នុងបរិវេណក្រុមហ៊ុន១២ Motor Park ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៦-១៧ខែ កុម្ភៈកន្លងទៅ។ ចំណែកលោកទូចរស្មីដែលជាម្ចាស់ទីតាំងខាងលើសមត្ថកិច្ចមិនទាន់ចាត់វិធានការនៅឡើយទេ។

ក្នុងការបង្ក្រាបនោះ កម្លាំងជំនាញបានរឹបអូសរថយន្តបាកុងចំនួន២គ្រឿងនិងម៉ូតូ១គ្រឿង។ក្រៅពីនេះរកឃើញឈើអារចម្រុះនិងគល់ឈើចំនួន៣ទីតាំង។ទី១-គល់ឈើជាច្រើនត្រូវបាន​គេកាត់យកដើមចេញពីក្នុងព្រៃដោយឃើញមានដានរថយន្តបាកុងដឹកចូលក្នុងរបងក្រុមហ៊ុន១២ motor park។

ទី២-រកឃើញឈើអារប្រភេទលេខមួយចំនួន៣១២សន្លឹកជាង១១ម៉ែត្រត្រីគុណបានកែច្នៃជាតុ។ឈើអារលេខ១ចំនួន៤២សន្លឹកជាង១ម៉ែត្រត្រីគុណជាឈើសន្និធិ-កៅអីតុក្កតាចំនួន១៣០កំណាត់។ទី៣-រកឃើញឈើអារលេខ១ចំនួន៧៣៦សន្លឹកជាង៧ម៉ែត្រត្រីគុណ ជាឈើសន្និធិ និងបានយកទៅកែច្នៃធ្វើជារបងរួចចំនួន៤០០សន្លឹក។

ឈើដែលរកឃើញខាងលើនេះ ក្រុមការងារមិនបានដកហូតទេ។តែសមត្ថកិច្ចបានឃាត់ខ្លួនបុរស​២នាក់កសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕ដោយ:សុខុម