សន្ដិសុខសង្គម

ដោះលែងមនុស្សប្រុសស្រី១៥នាក់ពាក់ព័ន្ធផលិតទឹកឃ្មុំក្លែងក្លាយ

រតនគិរី៖តុលាការខេត្តរតនគិរី កាលពីថ្ងៃទី១៧ ខែកុម្ភៈ បានដោះលែងមនុស្សប្រុសស្រីចំនួន១៥នាក់​ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងការផលិតទឹកឃ្មុំក្លែងក្លាយ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត​រតនគិរីបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៥នាក់នៅផ្ទះសំណាក់យីហោ“មិត្តភាពសំណាងល្អ” ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចរឹបអូបម៉ូតូចំនួន១៥គ្រឿង-ទឹកឃ្មុំប្រមាណ២០០លីត្រ រួមនិងវត្ថុធាតុផ្សំមួយចំនួនទៀតហើយបញ្ជូនសំណុំរឿងទៅតុលាការ។ សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនបាន២ថ្ងៃ ​លោកឆេង សុខនី ជាមេធាវីការពារសិទ្ធិឱ្យជនទាំង១៥នាក់​បានធានា​ឱ្យពួកគេនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ ​ផ្អែក​តាម​ច្បាប់​ស្តីពី​កិច្ច​ការ​ពារ​អ្នក​ប្រើ​ប្រាស់​ក៏ប៉ុន្តែនៅបន្តនីតិវិធី។

ជុំវិញការដោះលែងនេះ មតិជាច្រើនបានលើកឡើងថា ការផលិតទឹកឃ្មុំក្លែងក្លាយលក់បោកប្រាស់​ជាយូរឆ្នាំមកហើយ ស្ថាប័នច្បាប់ត្រូវតែស៊ើបអង្កេតដើម្បីដាក់ទោសដល់អ្នកប្រព្រឹត្តបទល្មើស​ឱ្យបានធ្ងន់ធ្ងរ៕ដោយ:សុខុម