សន្ដិសុខសង្គម

ជនបរទេសបើករថយន្តបុកគ្នា បណ្តាលឱ្យខូចខ្ទេចខ្ទីផ្នែកមុខទាំងសងខាង

ភ្នំពេញ៖ជនបរទេសម្នាក់បើករថយន្តយ៉ាងលឿន ដល់ផ្លូវបំបែកមិនបន្ថយល្បឿន ក៏ជ្រុលបុកជាមួយ​រថយន្ត​១គ្រឿងទៀត ហើយខ្ទាតប៉ើងទៅម្ខាងផ្លូវធ្វើឱ្យខូចខាតផ្នែកមុខស្ទើរទាំងស្រុងសងខាង។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងស្ថិតនៅតាមផ្លូវលេខ៥១ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកុម្ភៈ។​

សាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្តម៉ាក Lexus RX350 ផ្លាកលេខភ្នំពេញ 2AC-6732 បើកតាមផ្លូវលេខ៥១ ពីជើងទៅត្បូង។មកដល់កន្លែងខាងលើដែលជាផ្លូវបំបែកស្រាប់តែ​មានរថយន្តមួយគ្រឿងទៀតម៉ាក Lexus GX470 ផ្លាកលេខភ្នំពេញ 2V-5899 ។

រថយន្ត GX470 បើកបរដោយជនបរទេសម្នាក់និងមានមិត្តភក្តិម្នាក់ទៀត ចេញពីផ្លូវលេខ២២២ ពីលិចទៅកើតយ៉ាងលឿនជ្រុលបុកជាមួយរថយន្តLexus RX350 ពេញទំហឹងរួចប៉ើង​ទៅម្ខាងផ្លូវបណ្តាលឱ្យខូចខាតផ្នែកមុខយ៉ាងដំណំទាំងសងខាង តែមិនបណ្តាលឱ្យមាន​អ្នករងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។

ក្រោយមកផ្នែកចរាចរណ៍បានឱ្យចុះមកយករថយន្តទាំង២គ្រឿងទៅទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឱ្យម្ចាស់ចូលខ្លួនដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ