សន្ដិសុខសង្គម

ចាក់សាំងដុតខ្លួនឯងនិងម៉ូតូឆេះខ្ទេច សមត្ថកិច្ចសន្និដ្ឋានថាសង្ឃឹមរស់តិចតួច

ភ្នំពេញ៖បុរសម្នាក់ត្រូវក្រុមគ្រួសារសង្កេតឃើញ មួយរយៈចុងក្រោយនេះមានភាពស្ងាត់ស្ងៀម​ខុសធម្មតា។ក្រោយមកបានយកសាំងចាក់ដុតខ្លួនឯងឆេះប្រកាច់ននៀលលើដីឃើញគួរឱ្យតក់ស្លុត និងម៉ូតូ១គ្រឿងឆេះអស់គ្មានសល់។ករណីនេះបានកើតឡើងនៅម្តុំដីវាលមួយច្រកចូលកំពង់ចម្លង​កោះនរា ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៩ ខែកុម្ភៈ។

សមត្ថកិច្ចបានឱ្យដឹងថា អ្នកប៉ងធ្វើអត្តឃាតនោះឈ្មោះ គាត់សំ អាយុ៦៧ឆ្នាំ នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។បុរសរូបនេះបានចាក់សាំងដុតខ្លួនឯងបណ្ដាលឱ្យឆេះ​ប្រកាច់លើដីរងរបួស-រលាករលេះសាច់ ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យភ្លាម។ប៉ុន្តែអ្នកភូមិបាននិយាយថា មិនដឹងវាសនាយ៉ាងណាទេ ព្រោះអាការធ្ងន់ធ្ងរពេក។រីឯម៉ូតូម៉ាកឌ្រីមផ្លាកលេខភ្នំពេញ1AV 0413 ត្រូវភ្លើងឆេះខ្ទេចដោយម្ចាស់បានយកសាំងមួយប៊ីដុង ៥លីត្រមកចាក់ដុតតែម្តង។

ក្នុងហេតុការណ៍នេះ ប្រពន្ធបុរសខាងលើបានឱ្យដឹងថា ប្ដីគាត់មានជំងឺប្រចាំកាយ ដោយមួយរយៈ​ចុងក្រោយនេះមានសភាពខុសប្លែក។តាមការសន្និដ្ឋានពីនគរបាលកោសល្យវិច័យបានបញ្ជាក់ថា ជនដុតខ្លួនឯងនេះមានសង្ឃឹមរស់តិចតួចណាស់៕ដោយ៖វិចិត្រ