អន្តរជាតិ

កូរ៉េខាងជើងបាញ់មីស៊ីលព្រមានអាម៉េរិក និងកូរ៉េខាងត្បូងនៅព្រឹកថ្ងៃចន្ទនេះ

មិនដល់៤៨ម៉ោងផង កូរ៉េខាងជើងបានបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណអស់២គ្រាប់​ទៅហើយចូលក្នុងសមុទ្រ ខណៈ១គ្រាប់ថ្មីនៅព្រឹកថ្ងៃចន្ទនេះ បានបង្កការភ្ញាក់ផ្អើលដល់ប្រទេស​ជិតខាងយ៉ាងខ្លាំង។

បើតាមទីភ្នាក់ងារសារព័ត៌មាន Yonhap កូរ៉េខាងត្បូងដែលបានធ្វើការដកស្រង់សេចក្តីរាយការណ៍ផ្លូវការ​របស់​រដ្ឋាភិបាលនៅថ្ងៃចន្ទនេះ បានឲ្យដឹងលម្អិតថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនជាក់លាក់​មិនស្គាល់អត្តសញ្ញាណមួយគ្រាប់ឆ្ពោះទៅកាន់សមុទ្រភាគខាងកើតនៅព្រឹកថ្ងៃចន្ទ ទី ២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ការបាញ់លើកនេះ ត្រូវបានឆ្មាំសមុទ្រខាងជប៉ុនមើលឃើញ និងអាចកំណត់ភិនភាគជា​បឋមថាជាមីស៊ីលផ្លោង ខណៈការិយាល័យនាយករដ្ឋមន្ត្រី ជប៉ុនក៏បានបង្ហោះសារនៅលើធ្វីតធ័រ​នៅព្រឹកថ្ងៃចន្ទនេះដែរ។ ឆ្មាំសមុទ្រជប៉ុនបាននិយាយ   ភ្លាមៗថា កាំជ្រួចនោះ “ហាក់ដូចជាបានធ្លាក់ចូលសមុទ្រភាគខាងកើតពិតប្រាកដមែន”។ ចំពោះព័ត៌មានលម្អិតផ្សេងទៀត រដ្ឋាភិបាលទីក្រុងសេអ៊ូល ព្រមទាំងឆ្មាំជប៉ុនកំពុងបន្តការស៊ើបអង្កេត និងឃ្លាំមើល។

ការបាញ់ព្រឹកនេះ បានធ្វើឡើងមិនដល់ ៤៨ម៉ោងផង ក្រោយមកកូរ៉េខាងជើងបានទទួលស្គាល់នូវ​មីស៊ីលមួយគ្រាប់ដែលខ្លួនបានបាញ់កាលពីថ្ងៃសៅរ៍ និងមួយថ្ងៃបន្ទាប់ពីសមយុទ្ធដែនអាកាសរួមគ្នា​រវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យ។ កូរ៉េខាងជើងបាននិយាយថា មីស៊ីលថ្ងៃសៅរ៍​គឺជាប្រភេទ Hwasong-15 ធ្វើឡើងដើម្បីបង្ហាញពីសមត្ថភាពរបស់ទីក្រុងព្យុងយ៉ាងក្នុងការអនុវត្ត “ការប្រឆាំងនុយក្លេអ៊ែរដ៏សាហាវ” ប្រឆាំងនឹងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ និងយន្តហោះ​ចម្បាំងបំបាំងកាយរបស់សត្រូវ។ ក៏ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ ជប៉ុនឯណោះវិញបានអះអាងថា Hwasong-15 បានធ្លាក់ចូលនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុន៕

ប្រភព៖  AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា