សន្ដិសុខសង្គម

ចេញពីកម្មវិធីបង្កក់កូនក្រឡាប់រថយន្តបណ្តាលឲ្យរបួសចំនួន១៦នាក់

ដោយ៖ ព្រះអង្គខ្មៅ

ប៉ៃលិន៖ រថយន្ត TACOMA ក្រឡាប់ផ្ងារកង់បណ្តាលឲ្យអ្នកដំណើររបួសស្រាល និងធ្ងន់ចំនួន ១៦នាក់ ក្រោយចេញពីកម្មវិធីបង្កក់ក្មួយ។

ប្រជាពលរដ្ឋនៅទីតាំងកើតហេតុបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯងនៅព្រលប់ថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ ២០២៣ត្រង់ចំណុចផ្លូវកោងមួយកន្លែង ស្ថិតក្នុងភូមិ កំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ករណីនេះបានបណ្តាលឲ្យមានមនុស្សក្មេង ចាស់ ប្រុស ស្រី រងគ្រោះរហូតដល់ចំនួន ១៦នាក់ ក្នុងនោះរបួសស្រាលចំនួន ១០ នាក់ និងរបួសធ្ងន់ចំនួន ៦នាក់ ទាំងអស់គ្នាមានទីលំនៅក្នុងភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

រថយន្តដែលរងគ្រោះថ្នាក់ខាងលើម៉ាក TACOMA ស្លាកលេខ ពោធិ៍សាត់ ២A-៩៣៩៥9395 បើកបរដោយឈ្មោះសូ សាត ភេទ ប្រុស អាយុ ៤៨ឆ្នាំរងរបួសស្រាល។ មុនពេលកើតហេតុរថយន្តខាងលើបានចេញពីចូលរួមក្នុងកម្មវិធីបង្កក់ក្មួយ នៅឯស្រុកកំរៀង ខេត្តបាត់ដំបង ឆ្លងកាត់តាមខេត្តប៉ៃលិននឆ្ពោះមកខេត្តបាត់ដំបងវិញ។ លុះដល់ចំណុចកើតហេតុដោយស្ថានភាពផ្លូវកោងខ្លាំង ស្របនឹងការបើកបរលឿនខ្វះការប្រុងប្រយ័ត្នផងនោះក៏ជ្រុលចង្កូតទាញក្រឡាប់ជះមនុស្សធ្លាក់រាយប៉ាយពេញផ្លូវតែម្តង។

ភ្លាមៗនោះអ្នកដែលរបួសធ្ងន់ទាំងអស់ត្រូវបានសមត្ថកិច្ច ជាមួយប្រជាពលរដ្ឋបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃ លិនន រីឯរថយន្តបានប្រគល់ឱ្យម្ចាស់ដើម្បីជួសជុល៕