អន្តរជាតិ

ហ្សេឡិនស្គីសុំឲ្យសម្ព័ន្ធមិត្តបង្កើនការគាំទ្រអាវុធ ដើម្បីរារាំងមហិច្ឆតារបស់រុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចេញនិយាយជាថ្មីសុំឲ្យសម្ព័ន្ធមិត្តបង្កើនការ​គាំទ្រផ្នែកអាវុធ ដើម្បីរារាំងមហិច្ឆតារបស់រុស្ស៊ី។

Zelenskyy បាននិយាយកាលពីថ្ងៃសុក្រ នៅឯសន្និសីទសន្តិសុខទីក្រុង Munich ក្នុងប្រទេសអាល្លឺម៉ង់ថា “វាគ្មានជម្រើសអ្វីដែលល្អជាងនេះទេ ព្រោះវាជាជម្រើសដែលជីវិតអាស្រ័យលើ”។ អ៊ុយក្រែនពឹងផ្អែកលើអាវុធរបស់លោកខាងលិច ដើម្បីរារាំងមហិច្ឆតារបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក្នុងការដណ្តើមកាន់កាប់តំបន់ធំៗនៃប្រទេស។ បើទោះជាជំនួយយោធាបានក្លាយជាការ​ស្មុគស្មាញបន្ថែមនៃការដោះស្រាយរបស់រដ្ឋាភិបាលបរទេស ខណៈដែលការចំណាយសម្រាប់ការ​គាំទ្រកើនឡើងទន្ទឹមនឹងការប្រឈមមុខនឹងអតិផរណាខ្ពស់ និងបញ្ហាសេដ្ឋកិច្ចផ្សេងទៀតក៏ដោយ លោកស្គីបាននិយាយទៅកាន់សម្ព័ន្ធមិត្តថា “អ្នកធ្វើនេះគឺមិនខុសទេ គឺការពារតម្លៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់លោកខាងលិចប្រឆាំងនឹងរបបផ្តាច់ការ ហើយអ៊ុយក្រែនត្រូវតែបំពាក់ឱ្យ​បានល្អដើម្បីទប់ទល់នឹងកម្លាំងដ៏ធំរបស់រុស្ស៊ី”។

ជាមួយគ្នានេះ អធិការបតីអាល្លឺម៉ង់ Olaf Scholz ក៏បានជំរុញឱ្យសម្ព័ន្ធមិត្តផ្សេងទៀតធ្វើការបញ្ជូននូវ​រថក្រោះប្រយុទ្ធខ្លារខិនបន្ថែមទៀតដល់អ៊ុយក្រែនផងដែរ។  លោក Scholz បាននិយាយនៅឯសន្និសីទ​ថា “បើអ្នកអាចបញ្ជូនរថក្រោះប្រយុទ្ធបែបនេះទៅបាន គួរតែធ្វើវាឥឡូវនេះទៅ កុំចាំទៀតអី” “ធ្វើយុទ្ធនាការឲ្យខ្លាំងដើម្បីសម្ព័ន្ធមិត្តដោះស្រាយបញ្ហានេះ”។ ចំពោះ អាល្លឺម៉ង់ រដ្ឋាភិបាលបាន​ប្រកាសនូវ​ការផ្តល់ជូនរថក្រោះខ្លារខិន១៤គ្រឿងរួចហើយ ខណៈក៏គ្រោងនឹងបន្ថែមរថក្រោះ​ខ្លារខិនស៊េរីចាស់ៗច្រើនគ្រឿងបន្ថែមទៀតផងដែរ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា