អន្តរជាតិ

រុស្ស៊ី​និយាយ​ថា អ្នក​កាសែត​លោក​ខាង​លិច​ណាដែលឈ្លើយនឹង​មិន​ត្រូវ​បាន​អត់ឱន​ឡើយ

រដ្ឋាភិបាលប្រទេសរុស្ស៊ីបាននិយាយថា អ្នកកាសែតលោកខាងលិចណាក៏ដោយឲ្យតែឈ្លើយ ពួកគេនឹងមិនត្រូវបានអត់ឱនទោសឲ្យឡើយ។

ក្រសួងការបរទេសរុស្ស៊ីបានព្រមានអ្នកកាសែតលោកខាងលិចកាលពីថ្ងៃសុក្រថា ប្រសិនបើពួកគេ​ប្រព្រឹត្តដោយគ្មានវិជ្ជាជីវៈ និងប្រព្រឹត្តចំពោះប្រទេសរុស្ស៊ី ឬប្រជាជនរបស់ខ្លួនក្នុងផ្លូវដ៏ឈ្លើយ នោះពួកគេនឹងមិនត្រូវបានអត់ឱនឡើយ។ អ្នកនាំពាក្យក្រសួង លោកស្រី Maria Zakharova បាននិយាយថា នៅពេលដែលអ្នកឆ្លើយឆ្លងព័ត៌មានលោកខាងលិចជាន់ខ្ពស់បានជួបរដ្ឋមន្ត្រីការបរទេស Sergey Lavrov នៅទីក្រុងមូស្គូក្នុងសប្តាហ៍នេះ អ្នកខ្លះបានត្អូញត្អែរអំពីលក្ខខណ្ឌការងាររបស់ពួកគេ រួមទាំងការចេញទិដ្ឋាការ និងការទទួលស្គាល់ផងដែរ។ លោកស្រីចោទសួរបកទៅអ្នកសារព័ត៌មានវិញថា “តើពួកគេចង់បានលក្ខខណ្ឌប៉ុន្មានឆ្នាំតាមដែលចិត្តចង់បានឲ្យប្រាកដ?” “វា​ចប់​សព្វ​គ្រប់​ហើយ”។ “ឥឡូវនេះពួកគេនឹងរស់នៅតាមរបៀបថ្មី”។

ថ្លែងជាចុងក្រោយ លោកស្រី Zakharova បានព្រមានថា បើអ្នកកាសែតទាំងនោះធ្វើការដោយវិជ្ជាជីវៈ នោះពួកគេនឹងអាចបន្តដំណើរការបាន តែបើមិនដូច្នេះ ពួកគេក៏នឹងមិនអាចបន្តបានដែរ។​ “ពួកគេនឹងមិនត្រូវបានស្វាគមន៍ឡើយ”។

ការព្រមាននេះ កើតឡើងបន្ទាប់ពីតុលាការកំពូលរុស្ស៊ីស្រុកស៊ីបេរីទើបតែបានកាត់ទោស​អ្នកកាសែតក្នុងស្រុកស្រីម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ​ និងបិទមិនឲ្យធ្វើកាសែត៥ឆ្នាំ ពីបទផ្សាយព័ត៌មានបង្កាច់បង្ខូចកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា