សន្ដិសុខសង្គម

រថយន្តបើកបុកតូបលក់ទំនិញខ្ទេចខ្ទីបន្តបុកបង្គោលភ្លើងបាក់១ដើម

ភ្នំពេញ៖ បុរសម្នាក់ទំនងស្រវឹងបានបើករថយន្តយ៉ាងលឿនទៅបុកតូបលក់ទំនិញនៅលើ​ចិញ្ចើមផ្លូវឱ្យខ្ទេចខ្ទី ហើយបន្តទៅបុកបង្គោលភ្លើងបណ្តាលឱ្យបាក់មួយដើមទៀត។គ្រោះថ្នាក់ចរាចរ​នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា កាលពីរំលង​អធ្រាត្រឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានរថយន្តម៉ាកLexus LX470 ផ្លាកលេខភ្នំពេញ2AA-1846 បើកតាមផ្លូវជាតិលេខ៦ ពីកើតទៅលិចក្នុងល្បឿនលឿន។

មកដល់កន្លែងខាងលើ អ្នកបើកបរទំនងស្រវឹង ស្រាប់តែរថយន្តរេចង្កូតជ្រុលទៅបុកតូប​លក់ទំនិញនៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យតូបចំនួន៣បានបាក់បែកខ្ទេចខ្ទីនិងខូចខាតគ្រឿង​ភេសជ្ជៈអស់ជាច្រើន។ពេលនោះរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកបង្គោលភ្លើងបាក់មួយដើម តែមិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។

ក្រោយកើតហេតុ អ្នកបើករថយន្តបានចុះរត់គេចខ្លួនបាត់។នគរបាលចរាចរណ៍រាជធានីភ្នំពេញ​បានមកស្ទូចយករថយន្តនោះទៅទុកដើម្បីឱ្យម្ចាស់ចូលខ្លួនដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ