សន្ដិសុខសង្គម

រថយន្តបុករួចកិនម៉ូតូអូសច្រើនម៉ែត្រ បណ្តាលឱ្យក្មេងស្រីម្នាក់ស្លាប់

ភ្នំពេញ​៖រថយន្តឃ្លុបដឹកទំនិញបានបុករួចកិនម៉ូតូនិងអូសជាង១០០ម៉ែត្រ បណ្តាលឱ្យក្មេងស្រីម្នាក់ស្លាប់​ពេលបញ្ជូនទៅមន្ទីរពេទ្យ។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅជាប់របងវត្តព្រៃស្ពឺខាងកើត ភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ។

សមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីរងគ្រោះបាត់បង់ជីវិតឈ្មោះម៉ៅ ស្រីឡែន អាយុ១៥ឆ្នាំ ស្នាក់ភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

មុនកើតហេតុ ក្មេងស្រីរងគ្រោះជិះម៉ូតូម៉ាកធូដេ​ ផ្លាកលេខភ្នំពេញ1GO-6010 ធ្វើដំណើរតាមផ្លូវបេតុង​ពីត្បូងទៅជើង។មកដល់កន្លែងខាងលើប្រុងបត់ ស្រាប់តែមានរថយន្តឃ្លុបដឹកទំនិញ​ ផ្លាកលេខ​ភ្នំពេញ3D-0251 បើកមកបុករួចកិនអូសប្រហែលជាង១០០ម៉ែត្របណ្តាលឱ្យក្មេងស្រី​រងរបួសបាក់ជើង​ធ្ងន់ធ្ងរ ​រួចបានស្លាប់ពេលដឹកទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ នគរបាលចរាចរណ៍រាជធានីភ្នំពេញបាននាំរថយន្ត-ម៉ូតូទៅទុក​និងបន្តរកអ្នកបើកបរ​យកមកទទួលខុសត្រូវក្នុងករណីនេះ៕ដោយ៖វិចិត្រ