សេដ្ឋកិច្ច

ដើមខែ​ដំបូង​ឆ្នាំ​២០២៣ កម្ពុជា​រក​ចំណូល​៣០០​លាន​ដុល្លារ​ពី​ពន្ធដារ​

​ភ្នំពេញ​៖ លោក គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ឲ្យ​ដឹងថា នៅក្នុង​ខែមករា ឆ្នាំ​២០២៣ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​សម្រាប់​ថវិកាជាតិ បាន​ចំនួន ១ ២១៧.៣៨ ប៊ី​លាន​រៀល (​ប្រមាណ​ជា ៣០០.៥៩ លាន​ដុល្លារ​) ស្មើនឹង​៨.៤២% នៃ​ផែនការ​ច្បាប់​ថវិការ​ឆ្នាំ​២០២៣​។​

​លោក គង់ វិបុល បាន​ថ្លែង​ឱ្យដឹង​ដូច្នេះ​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែមករា ឆ្នាំ​២០២៣​ព្រមទាំង​ទិសដៅ​​សម្រាប់​អនុវត្ត​បន្ត របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣​។​

ចំណូល​ពន្ធ​នេះ បើ​ប្រៀបធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ប្រចាំ​ខែធ្នូ ឆ្នាំ​២០២២ ឃើញថា​កើនឡើង​ចំនួន ៥០.០៤ ប៊ី​លាន​រៀល (​ប្រមាណ​ជា ១២,៣៦ លាន​ដុល្លារ​) ស្មើនឹង ៤,២៩%​។ លើសពីនេះ ក្នុង​ខែមករា ឆ្នាំ​២០២៣ ចំណូល​ពី​ប្រភេទ​ពន្ធ​សំខាន់ៗ បាន​រក្សា​កំណើន​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២២ ក្នុងនោះ​ពន្ធ​លើ​ប្រាក់ចំណូល ២០.៧៣%, អាករ​លើ​តម្លៃបន្ថែម ៨.៥៧%, និង​ពន្ធលើប្រាក់បៀវត្ស ១៨.០៧%​។​

​លោក​បន្តថា អគ្គនាយកដ្ឋាន​ពន្ធដា​រ បានចាប់ផ្តើម​ឆ្នាំ​២០២៣ ជាមួយនឹង​លទ្ធផល​ល្អប្រសើរ​សម្រាប់​ខែមករា ឆ្នាំ​២០២៣ ធៀប​នឹង​ខែមករា ឆ្នាំ​២០២២ ក៏ដូចជា​ផែនការ​ច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣ ហើយ​សម្រាប់​រដូវ​កាល​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ អគ្គនាយកដ្ឋាន​ពន្ធដា​រ​រំពឹងថា ការប្រកាស​និង​បង់ប្រាក់​ពន្ធ​លើ​ប្រាក់ចំណូល សម្រាប់​ឆ្នាំ​២០២២ នឹង​ទទួលបាន​នូវ​លទ្ធផល​ល្អប្រសើរ និង​មិន​មានការ​ថមថយ​ឡើយ តាមរយៈ​ប្រព័ន្ធ​ពន្ធដារ E-Filing និង ToI E-Filing ដែលជា​ប្រព័ន្ធ​ដ៏​រឹងមាំ​និង​មាន​តម្លាភាព និង​ជា​យន្តការ​យ៉ាងសំខាន់ ក្នុងការ​ពង្រឹង​ការផ្ទៀងផ្ទាត់​ការដាក់​លិខិត​ប្រកាស និង​បង់ប្រាក់​ពន្ធ (Cross check)​។​

​លោក​បន្ថែមថា ក្នុង​ខែមករា ឆ្នាំ​២០២៣ ចំណូល​ពន្ធ​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce) ប្រមូលបាន​ចំនួន ៣៦.៦២ ប៊ី​លាន​រៀល (​ប្រមាណ ៩.០៤​លាន​ដុល្លារ​) និង​គិត​ចាប់ពី​ខែឧសភា ឆ្នាំ​២០២២ រហូតមកដល់​បច្ចុប្បន្ន ចំណូល​ពន្ធ​ពី E-Commerce ប្រមូលបាន​សរុប​ចំនួន ២១៤.៦៨ ប៊ី​លាន​រៀល (​ប្រមាណ ៥៣.០១ លាន​ដុល្លារ​)​៕ដោយៈសិរីមតី