សេដ្ឋកិច្ច

ខេត្តកំពង់ស្ពឺ ទទួលបាន​គម្រោង​វិនិយោគ​ជាង​១៣​លាន​ដុល្លារ ខណៈ​រាជធានី​ភ្នំពេញ ជាង​៥​លាន​ដុល្លារ​

​ភ្នំពេញ​៖​នៅ​ពាក់កណ្តាល​សប្តាហ៍​នេះ​ខេត្តកំពង់ស្ពឺ​បាន​ទាក់ទាញ​គម្រោង​វិនិយោគទុន​មួយទៀត​ដែលមាន​ទំហំ​ទឹកប្រាក់​ជាង​១៣​លាន​ដុល្លារ​និង​ផ្តល់​ការងារ​ជិត​៣​ពាន់​កន្លែង ចំណែក​រាជធានី​ភ្នំពេញ​ទទួលបាន​គម្រោង​វិនិយោគ​ជាង​៥​លាន​ដុល្លារ និង​បង្កើត​ការងារ​ជាង​២៣០​កន្លែង​។​

​នៅ​ថ្ងៃទី​១៦​ខែកុម្ភៈ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន​២៖
១-“LIN WEN CHIH SUNZEAL ENTERPRISES CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង និង​គ្រឿង​បន្សំ​ស្បែកជើង​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​លេខ​៤៤ ភូមិ​តាំង​ស្នោ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ ១៣,២​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២.៩៥៥​កន្លែង​។​

២- “HUANG THENG PACKAGING CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង និង​សម្ភា​រៈវេច​ខ្ចប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ​៦៣៩ ភូមិ​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,១​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៣៨​កន្លែង​៕ដោយៈសិរីមតី