សេដ្ឋកិច្ច

ការសាងសង់​កំពង់ផែ​អន្តរជាតិ​តម្លៃ ១៥០០​លាន​ដុល្លារ កំពុងស្ថិត​ក្នុងដំណាក់កាល​ចាក់ដី និង​រៀបចំ​គ្រឹះ

ភ្នំពេញ​៖ លោក ម៉ៅ ធនិន អភិបាលខេត្ដ​កំពត បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ខេត្តកំពត​កំពុងដំណើរការ​ស្ថាបនា​កំពង់ផែ​កម្រិត​អន្តរជាតិ​ដែលមាន​សមត្ថភាព​អាច​ឲ្យ​នាវា​ផ្ទុក​ជំ​ទិញ​រហូតដល់ ១៥​ម៉ឺន​តោន​ចូល​ចត​បាន​។​

​លោក​បាន​ថ្លែង​ឱ្យដឹង​ដូច្នេះ​ក្នុង​ឱកាសលោក​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី «​ភាពជោគជ័យ​រយៈពេល​៥​ឆ្នាំកន្លងមក របស់​រដ្ឋបាល​ខេត្តកំពត​» ដែល​រៀបចំ​ដោយ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នា​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា​៖​កំពង់ផែ​នេះ​ក្រោយពេល​សាងសង់​រួច នឹង​ក្លាយជា​កំពង់ផែ​ដែលមាន​ចំណុះ​ធំ សម្រាប់​ប្រទេស​កម្ពុជា ដែលមាន​សក្ដានុពល ជំរុញ​ឲ្យ​ខេត្តកំពត កាន់តែ​មានការ​អភិវឌ្ឍ ហើយ​ជីវភាព និង GDP បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពត ក៏​កាន់តែ​ខ្ពស់​។​GDP នៅ​ខេត្ដ​កំពត ស្មើនឹង​ម្នាក់ ១,៨១៥​ដុល្លារ ហើយ​ស្ថានភាព​ជីវភាព ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពត គឺ​ស្ថានភាព​ជីវភាព​មាន​៣៖ តំបន់ភ្នំ​, ទំនាប​កណ្ដាល និង​តំបន់ឆ្នេរ​។​

លោក​បានបញ្ជាក់​បន្ថែម​ថា​នៅពេលដែល​ស្ថាបនា​រួច ខេត្តកំពត​នឹង​កាន់តែ​ផុលផុស​ដោយ​សកម្មភាព​សេដ្ឋកិច្ច ហើយនឹង​មានការ​អភិវឌ្ឍ​ជាង​បច្ចុប្បន្ន ខណៈ​នៅពេលនេះ​ក្រុមហ៊ុន​កំពុងតែ​ជំរុញ​នូវ​ការចាក់ដី ដើម្បី​រៀបចំ​បាត​គ្រឹះ ទៅតាម​លក្ខណៈ​បច្ចេកទេស​។​

​សូមបញ្ជាក់ថា កំពង់ទឹក​ជ្រៅ​កម្រិត​អន្តរជាតិ​ដ៏​ថ្មី​សន្លាង​មួយ នៅក្នុង​ខេត្តកំពត ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ ជាមួយ​ទុន វិនិ​យោគ​ដ៏​សន្ធឹកសន្ធាប់ ១,៥០០​លាន​ដុល្លារ​អាមេរិក​។ កំពង់ផែ​កម្រិត​អន្តរជាតិ ដែលមាន​ផ្ទៃដី​រហូតដល់​ទៅ ៦០០​ហិកតា​នេះ ត្រូវបាន​រំពឹងថា នឹង​ក្លាយជា​សរសៃឈាម​ដ៏​សំខាន់ សម្រាប់​ការដឹកជញ្ជូន​ផ្លូវ​សមុទ្រ​របស់​កម្ពុជា​។​កំពង់ផែ​នេះ​ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា «​មជ្ឈ មណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង​កំពត​»ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន «​កំពត ឡូ​ជី​ស្ទីក អេ​ន ផត​»​។ មជ្ឈមណ្ឌល​ភស្តុ​ភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង​កំពត មាន​ទីតាំងនៅ​ភូមិ​ច​ង្ហោ​ន សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ខេត្តកំពត​ ៕​ដោយៈសិរីមតី