សេដ្ឋកិច្ច

កម្ពុជា នាំចេញ​ចេកអំបូង​លឿង​ជាង ២​ពាន់​តោន​ក្នុង​១​ខែ​

​ភ្នំពេញ​៖ ចេកអំបូង​លឿង​ដែល​កំពុង​ដាំ​ដុះ​នៅក្នុង​ខេត្តកំពត ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ពិសេស​ទីផ្សារ​ចិន​បាន​ជាង ២​ពាន់​តោន​ក្នុង​មួយខែៗ រួម​នឹង​ការផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុកនៅតាម​ផ្សារ​ទំនើប និង​ ភោជនីយដ្ឋាន​នានា​ផងដែរ​ ។ ​នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក  ម៉ៅ ធនិន​អភិបាលខេត្ត​កំ​ព​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​ភាពជោគជ័យ​រយៈពេល​៥​ឆ្នាំ របស់​រដ្ឋបាល​ខេត្តកំពត​»នៅ​ទីស្តី ការ គណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៣​។​

​លោក​បាន​ឱ្យដឹងទៀតថា​បច្ចុប្បន្ននេះ មាន​ក្រុមហ៊ុន​ចំនួន​២​កំពុង​វិនិយោគ​ដាំ​ដុះ​ចេកអំបូង​លឿង នៅក្នុង​ខេត្តកំពត ដោយបាន​ផ្តល់​ការ ងារ​ដល់​ពលរដ្ឋ​ខ្មែរ ប្រមាណ​២​ពាន់​នាក់​។ ចំការចេក​នេះ មិន​ត្រឹមតែ​ផ្តល់​ចំណូល​ពី​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ និង​ក្នុងស្រុក ព្រម ទាំង​បង្កើត​ការងារ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​តំបន់​ទេសចរណ៍​ផងដែរ ដោយមាន​ភ្ញៀវទេសចរ​ជាច្រើន បាននាំគ្នា​ទៅ​ទស្សនា​ពី​ការដាំ​ចេក​នៅ​តំបន់​នោះ​។​

​លោក​បាន​គូសបញ្ជាក់ថា ចេកអំបូង​លឿង​របស់​ខេត្តកំពត មានឱជារស​ផ្អែម​ឆ្ងាញ់ ក្រអូប​ឈ្ងុយ​មុត ដោយសារ​កត្តា​បី គឺ​ដី​ដែលមាន​ជីវជាតិ​ល្អ​ទឹក​ស្រោចស្រព​ជា​ប្រភេទ​ទឹកជ្រោះ ដែល​គ្មាន​សារធាតុ​គីមី និង​កត្តា​អាកាសធាតុ ដែល​ធ្វើឱ្យ​ចេក​មាន​ពណ៌​សម្បុរ​ស្រស់ស្អាត​។​ដោយសារ​ចេកអំបូង​លឿង មាន​ទីផ្សារ​ល្អ​ក្រុមហ៊ុន​មាន​ផែនការ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ផងដែរ​។​

​លោក ចាន់ រិ​ទ្ធិ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្តកំពត​បានឱ្យដឹងថា ចេកអំបូង​លឿង​ត្រូវបាន​ដាំ​ដុះ​លើ​ផ្ទៃដី​ចំនួន​១ ០៦៣ ហិកតា ក្នុងនោះ​ផ្ទៃដី​ដែល​កំពុង​ប្រមូល​ផល​មាន​ចំនួន ៦៦១​ហិកតា ដោយ​ទទួលបាន​ទិន្នផល​ចំនួន​៤៣​តោន​ក្នុង​មួយ​ហិកតា​។​ក្នុង​មួយឆ្នាំៗ ដំណាំ​នេះ​នាំចេញ​បាន​ប្រមាណ​ជាង ២០​ម៉ឺន​តោន​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រយៈពេល​១១​ខែ ឆ្នាំ​២០២២ កម្ពុជា​នាំចេញ​ផ្លែ​ចេក​ស្រស់​ទៅកាន់​ទីផ្សារ​អន្តរជាតិ ចំនួន ៣៤៥,៤៧០​តោន​៕​ដោយៈសុិរីមតី