សេដ្ឋកិច្ច

កម្ពុជា​ត្រូវការ​វិនិយោគ​ជាង ១១​ពាន់​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍ​ប្រភព​អគ្គិសនី និង​ប្រព័ន្ធ​បណ្តាញ​ជាតិ​

​ភ្នំពេញ​៖​ថ្លែង​ក្នុងឱកាស​ពិធី​បើក​មហាសន្និបាត​បូកសរុប​ការបញ្ចប់​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​អនុវត្តន៍​សម្រាប់​ឆ្នាំ​២០២៣ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជានាពេល​ថ្មីៗ​នេះលោក ទី នរិន្ទ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បានឱ្យដឹងថាតាមរយៈ​ផែនការមេ​អភិវឌ្ឍន៍ ​វិស័យ​ថាមពល​អគ្គិសនី ពី​ឆ្នាំ​២០២២ ដល់​២០៤០ កម្ពុជា​ត្រូវការ​ទុនវិនិយោគ​សរុប​ចំនួន ១១,០២៤​លាន​ដុល្លារ​អាមេរិក សម្រាប់ធ្វើ​ការ អភិវឌ្ឍ​ប្រភព​អគ្គិសនី និង​ប្រព័ន្ធ​បណ្ដាញ​ជាតិ​។​

​លោក ទី នរិន្ទ បាន​បញ្ជាក់ថា សម្រាប់​ថវិកា​ទាំងនោះ​គឺ ៩,២២៨​លាន​ដុល្លារ សម្រាប់​ការវិនិយោគ​បង្កើន​អានុភាព​ប្រភព​អគ្គិសនី​ក្នុង ស្រុក និង​១,៧៩៦​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍ​ប្រព័ន្ធ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់ ដែល​នេះ​មិនទាន់​គិត​អំពី​សេចក្តីត្រូវការ​ទុនវិនិយោគ ដែល​បងប្អូន​អ្នក​កាន់​អាជ្ញា​បណ្ណ​ឯកជន និង​អគ្គិសនី​កម្ពុជា​ត្រូវការ សម្រាប់ធ្វើ​ការអភិវឌ្ឍ​ពង្រីក​ប្រព័ន្ធ​បណ្តាញ​ចែកចាយ​បន្ថែម​ផង​នៅ ឡើយ​។​

​បើតាម​របាយការណ៍រ​បស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា នៅ​ចុងឆ្នាំ​២០២២ ប្រភព​ផលិត​អគ្គិសនី​ក្នុងស្រុក​មាន​អានុភាព ៣,៤៦៤.៦៧​មេ​ហ្គា​វ៉ា​ត់ ស្មើនឹង​៧៧.០៧% ខណៈ​ការ​នាំចូល​អគ្គិសនី​មកពី​ប្រទេសជិតខាង​មាន ១,០៣០.៧៥​មេ​ហ្គា​វ៉ា​ត់ ស្មើនឹង​២២.៩៣​ភាគរយ​។​សម្រាប់​ប្រភព​អគ្គិសនី នាំចូល​រួមមាន​មកពី​ប្រទេស​ថៃ មាន​ចំនួន ២៧៧.៣០​មេ​ហ្គា​វ៉ា​ត់ ស្មើនឹង ២៦.៩០​ភាគរយ​, វៀតណាម ៣៣២.៤៥​មេ​ហ្គា​វ៉ា​ត់ ស្មើនឹង ៣២.២៥​ភាគរយ និង​ឡាវ ៤២១.០០​មេ​ហ្គា​វ៉ា​ត់ ស្មើនឹង ៤០.៨៤​ភាគរយ​។​

​បន្ថែម​ពីនេះ សម្រាប់​ផែនការ​ឆ្នាំ​២០២៣ កម្ពុជា​នឹង​ដំឡើង​ថា​ពល​អគ្គិសនី​រហូតដល់ ៣,៨១៤.៦៧​មេ​ហ្គា​វ៉ា​ត់ ស្មើនឹង​៧៧.១៤​ភាគរយ ខណៈ​ថាមពល​អគ្គិសនី​នាំចូល​ពី​ប្រទេសជិតខាង​នឹង​កើន​ឡើងដល់ ១,១៣០.៧៥​មេ​ហ្គា​វ៉ា​ត់ ស្មើនឹង​២២.៨៦​ភាគរយ​។​

​លោក យឹម វិសិដ្ឋ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បានឱ្យដឹងថា សម្រាប់​ការអភិវឌ្ឍ​ប្រព័ន្ធ​បញ្ជូន​អគ្គិសនី នៅក្នុង​ឆ្នាំ​២០២២ គឺ​បាន​អភិវឌ្ឍ​បណ្តាញ​បញ្ជូន​បន្ថែមចំនួន ៥១០​គីឡូម៉ែត្រ និង​សាងសង់​អនុ​ស្ថានីយ​ចំនួន ៩​ថែមទៀត ដែល​ធ្វើឱ្យ​បច្ចុប្បន្ននេះ មាន​ខ្សែ​បញ្ជូន​សរុប​ចំនួន ៣,៩៥៣​គីឡូម៉ែត្រ និង​មាន​អនុ​ស្ថានីយ​ចំនួន ៦៣ ដែល​អាច​បញ្ជូន​ប្រភព​អគ្គិសនី​ដល់​រាជធានី​-​ខេត្ត​ចំនួន ២៥​ទូទាំងប្រទេស​។​

​លោក​បាន​បញ្ជាក់ថា ការអភិវឌ្ឍ​បង្កើន​សមត្ថភាព​នៃ​បណ្តាញ​ប​ញ្ចូ​ន​រង និង​បណ្តាញ​ចែកចាយ គឺ​ពឹង​ផ្អែកលើ​ការអភិវឌ្ឍ​ហេដ្ឋារចនា សម្ព័ន្ធ​ចំនួន​៣ គឺ​ទី​១៖ ខ្សែបណ្តាញ MV, ទី​២៖ ត្រង់​ស្វូ​ចែកចាយ និង​ទី​៣៖ ខ្សែបណ្តាញ LV​។ ដែល​រហូតមកដល់​ចុងឆ្នាំ​២០២២ ហេដ្ឋា រចនាសម្ព័ន្ធ​ទាំង​៣​នេះ បាន​កើនឡើង​រួមមាន​៖ ខ្សែបណ្តាញ MV បាន​កើន​ឡើងដល់ ៤២,៩៦៤​គីឡូម៉ែត្រ​, ត្រង់​ស្វូ​ចែកចាយ បាន​កើន​ឡើងដល់ ២៦,០៨១​គ្រឿង និង​ខ្សែបណ្តាញ LV បាន​កើន​ឡើងដល់ ៤៤,៥៦៥​គីឡូម៉ែត្រ​។​

​លោក យឹម វិសិដ្ឋ បាន​បន្តថា អាជ្ញាធរ​អគ្គិសនី​កម្ពុជា​នឹង​បន្ត​ជំរុញ ការកែលម្អ​ការផ្ដល់សេវា​ឱ្យ​អ្នកប្រើប្រាស់​កាន់តែខ្លាំង ធ្វើយ៉ាងណា​ឱ្យ​ការផ្គត់ផ្គង់​អគ្គិសនី​មាន​គ្រប់គ្រាន់ មាន​ចីរភាព អាច​ទុកចិត្តបាន មានគុណ​ភាព និង​មានតម្លៃ​សមរម្យ រួមទាំង​ពង្រឹង​យន្តការ​គ្រប់គ្រង​ការអភិវឌ្ឍ និង​ការផ្ដល់សេវា​អគ្គិសនី ឱ្យ​រឹ​តែមាន​ប្រសិទ្ធភាព​ជាដើម​។​

​គិត​ត្រឹម​ចុងឆ្នាំ​២០២២ មាន​ភូមិ​ចំនួន ១៣,៩២៣ ស្មើនឹង​៩៨.២៧​ភាគរយ បាន​ត​ខ្សែបណ្តាញ​អគ្គិសនី​សម្រាប់​ប្រើប្រាស់ ខណៈ​នៅសល់​ភូមិ​តែ ២៤៥​ប៉ុណ្ណោះ ស្មើនឹង ១.៧៣​ភាគ មិនទាន់​ត​ខ្សែបណ្តាញ​អគ្គិសនី​៕​ដោយៈសុភក្ត្រា