អន្តរជាតិ

Zelenskyy ចេញវាយតម្លៃថា កងទ័ពអ៊ុយក្រែននឹងអាចបន្តទប់រុស្ស៊ីបានក្នុងរយៈពេលយូរបន្ថែមទៀត

ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី បានចេញវាយតម្លៃនៅចុងសប្តាហ៍នេះថា កងទ័ពអ៊ុយក្រែន​នឹងអាចបន្តទប់ទល់រុស្ស៊ីបានក្នុងរយៈពេលយូរបន្ថែមទៀត ពោលគឺនឹងឆ្លងផុត​ថ្ងៃខួបនៃសង្រ្គាម​គម្រប់មួយឆ្នាំ។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ប៊ីប៊ីស៊ីចក្រភពអង់គ្លេសឈានចូលថ្ងៃសុក្រនេះ លោកស្គីបានមានប្រសាសន៍ជាហូរហែថា ការវាយលុករបស់រុស្ស៊ីដែលរំពឹងទុកនៅភាគខាងកើត​អ៊ុយក្រែនបានកំពុងចាប់ផ្តើមរួចហើយ។ “វាកំពុងចាប់ផ្តើមនាពេលឥឡូវនេះ”។ ក៏ប៉ុន្តែអ៊ុយក្រែនមិនបានចុះអន់ថយនោះទេ លោកថាទ័ពអ៊ុយក្រែនមានអាវុធគ្រប់ដៃ បន្តទប់ទល់នឹងកម្លាំង  អរិភាពរបស់រុស្ស៊ីបានយ៉ាងល្អ។ លោកស្គី បានប្រាប់បទសម្ភាសន៍ថា លោកជឿជាក់លើទ័ពអ៊ុយក្រែន ពួកគេនឹងអាចទប់រុស្ស៊ីបានបន្តទៀត ពោលគឺថែមទាំងអាច​ឆ្លងផុតថ្ងៃខួបសង្រ្គាមគម្រប់មួយឆ្នាំ ដែលអ្នកជំនាញសង្រ្គាមបានវាយតម្លៃថា រុស្ស៊ីនឹងបើកការវាយប្រហារសន្ធាប់នៅថ្ងៃនោះ។

លោក Zelenskyy ក៏បានឆ្លើយតបទៅនឹងការព្រមានរបស់ប្រធានាធិបតីបេឡារុស Alexander Lukashenko ផងដែរអំពីការគំរាមកំហែងធ្វើសង្គ្រាម ប្រសិនបើមានទាហានអ៊ុយក្រែនណាម្នាក់​ឆ្លងកាត់ព្រំដែនធ្វើបង្កហេតុ។ សម្រង់ប្រសាសន៍៖ “ខ្ញុំសង្ឃឹមថា បេឡារុសនឹងមិនចូលរួម​ក្នុងសង្គ្រាមទេ។ តែប្រសិនបើវាកើតឡើង យើងនឹងប្រយុទ្ធ ហើយយើងនឹងរស់រានមានជីវិត”៕

ប្រភព៖ Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា