អន្តរជាតិ

ស្លូវ៉ាគី បិទមិនអនុញ្ញាតឲ្យកាំភ្លើងធំផលិតដោយអាល្លឺម៉ង់យកចូលមកជួសជុលតាមរយៈច្រកព្រំដែនអ៊ុយក្រែន

ស្លូវ៉ាគីបិទមិនអនុញ្ញាតឲ្យកាំភ្លើងធំផលិតដោយអាល្លឺម៉ង់យកចូលមកជួសជុលតាមរយៈច្រកព្រំដែនអ៊ុយក្រែនអស់រយៈពេលជាច្រើនសប្តាហ៍ហើយ ដោយបានលើកឡើងពីបញ្ហាផ្លូវច្បាប់មិនទាន់ដោះស្រាយ។

យោងតាមគេហទំព័រ Business Insider បានឲ្យដឹងថា ប្រព័ន្ធកាំភ្លើងធំស្វ័យប្រវត្តិចំនួន ១៥ គ្រឿង កំពុងរង់ចាំនៅពីមុខព្រំដែនស្លូវ៉ាគី ដើម្បីបន្តដំណើរទៅកាន់កន្លែងជួសជុលក្នុងប្រទេសស្លូវ៉ាគីក្បែរទីក្រុង Michalovce ក៏ប៉ុន្តែត្រូវបានរារាំងដោយអាជ្ញាធរព្រំដែនស្លូវ៉ាគី។ កាំភ្លើង​ធំ​ទាំងនោះមាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់អ៊ុយក្រែនដើម្បីយកទៅប្រើទប់ទល់រុស្ស៊ីក្នុងសមរភូមិ។ នៅពាក់កណ្តាលខែធ្នូ លោក Kraus-Maffei Wegmann (KMW) ក្នុងនាមកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ បានបង្កើតមជ្ឈមណ្ឌល​ជួសជុលមួយនៅជិតទីក្រុង Michalovce នៃប្រទេសស្លូវ៉ាគី នៅតាមព្រំដែនជាមួយអ៊ុយក្រែន ដើម្បីទទួលជួសជុលម៉ាស៊ីនកាំភ្លើងដែលខូចៗបន្ទាប់ពីការប្រយុទ្ធគ្នាក្នុងសង្រ្គាម។ កាំភ្លើងធំទាំងនោះរួមមានប្រភេទដូចជាកាំភ្លើងប្រឆាំងយន្តហោះ Gepard ឬប្រព័ន្ធ MARS ជាដើម។

ជុំវិញបញ្ហានេះ ស្លូវ៉ាគីបានលើកឡើងថា ដោយសារបញ្ហាផ្លូវច្បាប់ដែលមិនទាន់ដោះស្រាយ រួមទាំងពន្ធនាំចូលផងដែរ។ ដូច្នេះស្លូវ៉ាគីមិនអនុញ្ញាតឱ្យនាំអាវុធឆ្លងកាត់ព្រំដែន និងទៅដល់មជ្ឈមណ្ឌលជួសជុលនោះទេ។ យ៉ាងណា វាមិនច្បាស់ទេថាតើហេតុអ្វីបានជា​ស្លូវ៉ាគីមានប្រតិកម្មតាមរបៀបនេះ ទោះបីជាមានការព្រមព្រៀងពីរដ្ឋាភិបាលពាក់ព័ន្ធក៏ដោយ។ ភាគី    អាល្លឺម៉ង់បានទទួលស្គាល់ហើយថា បញ្ហាផ្លូវច្បាប់មួយចំនួនទាក់ទងនឹងមជ្ឈមណ្ឌលជួសជុល ពិតជាមិនទាន់ត្រូវបានអើពើមែនបន្ទាប់ពីហួសសុពលភាពកាលពីចុងឆ្នាំ២០២២កន្លងទៅ៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា