អន្តរជាតិ

ប៉ូឡូញរំលឹកជាថ្មីពីលទ្ធភាពផ្តល់យន្តហោះចម្បាំង F-16 ទៅអ៊ុយក្រែន

ប៉ូឡូញក្រើនរំលឹកដាក់សម្ពាធជាថ្មីទៅកាន់សម្ព័ន្ធមិត្ត ជុំវិញលទ្ធភាពផ្តល់យន្តហោះចម្បាំង F-16 ទៅអ៊ុយក្រែន ចំពេលដែលស្ថានភាពសមរភូមិតានតឹង ដោយរុស្ស៊ីបន្តវាយរុលខ្លាំងនៅភាគខាងកើត។

លោក Błaszczak រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ ជាអ្នកជិតខាងអ៊ុយក្រែនបានឲ្យដឹងតាមរយៈអ្នក​កាសែត​បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងព្រុចសែល Ramstein លើកទីប្រាំបួនជាមួយអង្គការណាតូនៅសប្តាហ៍នេះថា ការផ្តល់យន្តហោះចម្បាំង F-16 ទៅអ៊ុយក្រែនបានមានមធ្យោបាយតែមួយគត់នោះ គឺជាការដាក់សម្ពាធ​ម្ចាស់ប្រទេសដែលផលិតវា ដូចទៅនឹងករណីប្រព័ន្ធការពារដែនអាកាស Patriot និងរថក្រោះខ្លារខិន Leopard។ លោក Błaszczak លើកឡើងថា “យើងដឹងថាសក្តានុពលរបស់យើងនៅក្នុងតំបន់នេះ​មានកម្រិត” ។ “យើងមានយន្តហោះ F-16 ចំនួន ៤៨ គ្រឿងប៉ុណ្ណោះ ប៉ុន្តែសម្ព័ន្ធមិត្តមានសមត្ថភាព​ច្រើនជាងនេះ។ យើងគិត​ថា ការ​សន្ទនា​នេះ​ក៏​នឹង​បញ្ចប់​ដោយ​ការ​សម្រេច​ចិត្ត​ជា​វិជ្ជមាន ចាត់ទុកថានេះជាការ​ដាក់​សម្ពាធ​ទៅចុះ”។

បើតាមកាសែត Financial Times បានរាយការណ៍មុនគ្នា សហរដ្ឋអាម៉េរិកដែលជាម្ចាស់ផលិតកម្ម F-16 មិនបានច្រានចោលសំណើ ឬការនាំចេញភ្លាមៗនេះ ប៉ុន្តែដោយផ្អែកលើស្ថានភាពជាក់ស្តែង​ដែលអ៊ុយក្រែនកំពុងត្រូវការប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវបន្ថែមជាអាទិភាពខ្ពស់​នាពេលឥឡូវនេះ៕

ប្រភព៖ AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា