សន្ដិសុខសង្គម

បង្ក្រាបឈើក្នុងទីលានប្រណាំងរថយន្តOff-Road ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ សមត្ថកិច្ចចុះបង្ក្រាបឈើក្នុងទីលានប្រណាំងរថយន្តOff-Road នៅភូមិមេប៉ៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រឹបអូសរថយន្តបាកុង២គ្រឿង-ម៉ូតូ១គ្រឿងនិងឈើជាច្រើនម៉ែត្រត្រីគុណ កាលពីថ្ងៃទី​១៦ខែកុម្ភៈ។

កម្លាំងចុះបង្ក្រាបបានឱ្យដឹងថា នៅពេលសមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងខាងលើនេះ គេឃើញតែ​ឈើមូលអារ​កាត់ជាកង់វែងៗនៅរាយប៉ាយជាច្រើនម៉ែត្រត្រីគុណ រួមទាំងរថយន្តបាកុង២គ្រឿង និងម៉ូតូ១គ្រឿងតែប៉ុណ្ណោះ។ចំណែកជនល្មើសបានរត់គេចខ្លួនចូលព្រៃបាត់អស់។

កម្លាំងចម្រុះរួមមាន៖ រដ្ឋបាលព្រៃឈើ-កងរាជអាវុធហត្ថដឹកនាំបង្ក្រាបដោយលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។ប្រភពដដែលបានបន្តថា ទីតាំងលួចលាក់ប្រព្រឹត្ត​បទល្មើសព្រៃឈើខុសច្បាប់ខាងលើនេះគេសង្ស័យជារបស់មេឈ្មួញឈើចាស់វស្សាម្នាក់ឈ្មោះ ចែគា ជាមួយឈ្មោះទូច រស្មី ប្រធានក្លឹបគោព្រៃ 12 motor park ម្ចាស់ទីតាំងប្រណាំងរថយន្ត OFF-Road ដើម្បីអារច្រៀកនិងដឹកនាំចេញ។

ក្រោយការត្រួតពិនិត្យវត្ថុតាងទាំង អស់មន្ត្រីជំនាញបានដឹកជញ្ជូនយកទៅរក្សាទុកនៅ​ខណ្ឌរដ្ឋបាល​ព្រៃឈើខេត្តមណ្ឌលគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី ៕ដោយ:សុខុម