អន្តរជាតិ

ចិនដាក់ក្រុមហ៊ុន Lockheed Martin និង Raytheon អាម៉េរិកចូលបញ្ជីទណ្ឌកម្មជុំវិញការលក់អាវុធឲ្យតៃវ៉ាន់

ប្រទេសចិនដាក់បញ្ចូលក្រុមហ៊ុនLockheed Martin និង Raytheon អាម៉េរិកចូលក្នុងបញ្ជី​ទណ្ឌកម្ម​អង្គភាពមិនទុកចិត្ត ខណៈក្រុមហ៊ុនទាំងនេះបានលក់អាវុធទៅឲ្យតៃវ៉ាន់។

ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា “ក្រុមហ៊ុន Lockheed Martin Corp (LMT.N) និងក្រុមហ៊ុន Raytheon Missile and Defense Corp ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Raytheon Technologies Corp (RTX.N) ត្រូវបានហាមឃាត់មិនឱ្យ “ចូលរួមក្នុងសកម្មភាពនាំចូល និងនាំចេញដែលទាក់ទងនឹងប្រទេសចិនទៀតឡើយ”។ ទីក្រុងប៉េកាំងក៏បានហាមប្រាមក្រុមហ៊ុនទាំងនេះពីការវិនិយោគបន្ថែមនៅក្នុងប្រទេសចិន រារាំងអ្នកគ្រប់គ្រងជាន់ខ្ពស់មិនឱ្យចូលប្រទេស លុបចោលការអនុញ្ញាតឱ្យស្នាក់នៅសម្រាប់​បុគ្គលិកនៅក្នុងប្រទេសចិន និងពិន័យជាប្រាក់ទ្វេដងនៃចំនួនកិច្ចសន្យាលក់អាវុធរបស់ពួកគេទៅឱ្យ​តៃវ៉ាន់ផងដែរ។

ជាការឆ្លើយតប ក្រុមហ៊ុន Lockheed ដែលនាំចេញទៅកាន់ប្រទេសជាង ៧០ បាននិយាយ​នៅក្នុងសេចក្តីថ្លែងការណ៍វិញថា “ការលក់អាវុធយោធាទៅបរទេសគឺជាប្រតិបត្តិការរវាង​រដ្ឋាភិបាលទៅរដ្ឋាភិបាល ហើយយើងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិកលើការ​លក់អាវុធណាមួយដល់អតិថិជនអន្តរជាតិ។ ក្រុមហ៊ុន Lockheed Martin ប្រកាន់ខ្ជាប់យ៉ាងជិតស្និទ្ធ​ជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក។ គោល​នយោបាយ​ទាក់​ទង​នឹង​ការ​ធ្វើ​អាជីវកម្ម​ជាមួយ​រដ្ឋាភិបាល​បរទេស”។ ចំណែកក្រុមហ៊ុន Raytheon Technologies ដែលលក់ម៉ាស៊ីនយន្តហោះ Pratt & Whitney របស់ខ្លួន ក៏ដូចជាឧបករណ៍ចុះចត និងឧបករណ៍បញ្ជាទៅឱ្យឧស្សាហកម្មអាកាសចរណ៍​ពាណិជ្ជកម្ម​របស់ប្រទេសចិនមិនបានឆ្លើយតបនោះទេ។ អ្នកនាំពាក្យសេតវិមាន Karine Jean-Pierre បានប្រាប់​អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ដែរថា “ទាំងនេះគឺជាវិធានការឥតប្រយយោជន៍ និងមិនចាំបាច់ – យើងបានគិតហើយថាចិននឹងធ្វើដូច្នេះ”។

វិធានការនេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីយោធាអាម៉េរិក​បានបាញ់ទម្លាក់នូវអ្វីដែលខ្លួននិយាយថាជាបាឡុងចារកម្មរបស់ចិន ហើយមួយថ្ងៃបន្ទាប់មក ទីក្រុងប៉េកាំងក៏បានព្រមានទៅវិញអំពីថានឹងឆ្លើយតបនឹងបាឡុងអាម៉េរិកដែលហោះជាង១០ដងលើតំបន់ស៊ីនជាំង ទីបេត៍ជាដើម៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា