សន្ដិសុខសង្គម

កំពុងស៊ើបអង្កេតករណីឃើញសព ស្អុយរលួយសល់តែគ្រោងឆ្អឹង

បន្ទាយមានជ័យ​៖សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត ក្រោយពីប្រជាពលរដ្ឋប្រទះឃើញសពស្អុយ រលួយសល់តែគ្រោងឆ្អឹង មិនដឹងស្លាប់ពីពេលណា និងមូលហេតុអ្វីនោះទេ។

លោកវរសេនីយ៍ត្រី​ រិន ឡឹប​ នាយប៉ុស្តិ៍ឃុំស្លក្រាម​បានឱ្យដឹងថា​ ករណីបង្កការភ្ញាក់ផ្អើលនោះ នៅម្តុំអូរគៀប ភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក កាលពីថ្ងៃទី១៦ ខែកុម្ភៈ។

មុនហេតុការណ៍កើតឡើង​ មានពលរដ្ឋឈ្មោះឡុង គឹមឡាង ​អាយុ១៨​ឆ្នាំ ជាអ្នកដាំបាយឱ្យតៃកុងគ្រឿងចក្រ បានប្រទះឃើញមនុស្សស្លាប់​មានសភាពស្អុយរលួយ​។ សពមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ភេទប្រុស​ អាយុចន្លោះពីជាង៥០ទៅ៦០ឆ្នាំ​ ស្លៀកខោកីឡាពណ៌​ខៀវឆ្នូតក្រហម អាវដៃវែងការ៉ូពណ៌ស-ខ្មៅ។

នាយប៉ុស្តិ៍ដដែលបានបន្តថា ក្រោយពីទទួលបានព័ត៌មាន​ កម្លាំងសមត្ថកិច្ចបាន បង្កើតគណៈកម្មការត្រួតពិនិត្យសាកសព​ មានការចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាពឃុំស្លក្រាម​-នាយផ្នែកយុត្តិធម៌-នាយរងផ្នែកពិនិត្យវិភាគ​-និងអាជ្ញាធរមូលដ្ឋាន។តាមការត្រួតពិនិត្យលើសាកសពក្នុងស្ថានភាពស្អុយរលួយ​នោះ សមត្ថកិច្ច​មិនអាចបញ្ជាក់បានពីមូលហេតុឱ្យបានច្បាស់លាស់នៅឡើយដោយបន្តបើកការស៊ើបអង្កេតក្នុងករណីនេះ៕ដោយ៖វិចិត្រ