សន្ដិសុខសង្គម

ឃាត់ខ្លួនអធិការរងនគរបាលខណ្ឌម្នាក់ករណីប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖កម្លាំងផ្នែកជំនាញបានឃាត់ខ្លួនអធិការរងនគរបាលខណ្ឌចំការមនម្នាក់ ពាក់ព័ន្ធ ករណីប្រើប្រាស់គ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។

សមត្ថកិច្ចបានឱ្យដឹងថា លោកវរសេនីយ៍ទោ ហួត ពិសិដ្ឋ អធិការរងនគរបាលខណ្ឌចំការមន ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។ប្រតិបត្តិការនេះធ្វើឡើងនៅផ្ទះសំណាក់យីហោ ចំប៉ាមាស ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ។ក្រោយឃាត់ខ្លួនកម្លាំង​បាននាំមកកាន់មន្ទីរប្រឆាំងគ្រឿងញៀននិងធ្វើតេស្តទឹកនោមរកសារធាតុញៀន។

ជាលទ្ធផលរកឃើញមានសារធាតុញៀន ហើយក៏ត្រូវបានប្រគល់លោកហួត ពិសិដ្ឋមកការិយាល័យ​ប្រឆាំងគ្រឿងញៀនដើម្បីសាកសួរបន្ត ហើយត្រូវបញ្ជូនទៅមណ្ឌលផ្តាច់សារធាតុគ្រឿងញៀន“ឱកាស​ខ្ញុំ”។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជ​ធានីភ្នំពេញ

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជ​ធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ បានប្រាប់បណ្តាញសារព័ត៌មានឱ្យដឹងថា ពិតជាមានការឃាត់ខ្លួនលោកហួត ពិសិដ្ឋ អធិការរងនគរបាលខណ្ឌចំការមនមែន ពីបទប្រើប្រាស់គ្រឿងញៀន។លោកបានបន្តថា ជាគោលការណ៍ ខាងស្នងការដ្ឋាននគរបាលរភ្នំពេញ បានរៀបចំបែបបទស្នើសុំទៅថ្នាក់លើ ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិនិងត្រូវបញ្ជូន​ទៅមណ្ឌលកែប្រែបន្សាបសារធាតុញៀន៕ដោយ៖វិចិត្រ