អន្តរជាតិ

អ៊ុយក្រែនអះអាងបានបាញ់ទម្លាក់ ខណៈបាឡុងចារកម្មរុស្ស៊ីចំនួន៦ហោះលើទីក្រុងកៀវ

អ៊ុយក្រែនអះអាងថា បានប្រើប្រព័ន្ធការពារដែនអាកាសបាញ់ទម្លាក់បាឡុងចារកម្មរុស្ស៊ីចំនួន ៦ហោះពីលើទីក្រុងកៀវកាលពីថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

សេវាសារព័ត៌មានរបស់រដ្ឋបាលយោធាទីក្រុង Kyiv (KCMA) បានឲ្យដឹងថា គោលដៅអាកាសរបស់​សត្រូវប្រហែលប្រាំមួយត្រូវបានគេរកឃើញនៅក្នុងដែនអាកាសរបស់ទីក្រុង Kyiv​។ យោងតាមព័ត៌មានដែលកំពុងត្រូវបានបញ្ជាក់ ទាំងនោះគឺជាបាឡុងចារកម្មដែលផ្លាស់ទី​ក្នុងលំហដែលរងឥទ្ធិពលខ្យល់។ ជាលទ្ធផល គោលដៅ​អាកាស​ទាំង​អស់​ត្រូវ​បាន​វាយ​ប្រហារ​ទម្លាក់ដោយ​ប្រព័ន្ធ​ការពារ​អាកាសអ៊ុយក្រែន។ ព័ត៌មានលំអិត៖ រដ្ឋបាលយោធាទីក្រុង Kyiv បានរាយការណ៍ថា បាឡុងទាំងនោះអាចផ្ទុកឧបករណ៍ឆ្លុះបញ្ចាំងមុំ និងឧបករណ៍ឈ្លបយកការណ៍។

យោងតាម KCMA បានឱ្យដឹងទៀតថា គោលបំណងនៃការបាញ់បង្ហោះបាឡុងចារកម្មរុស្ស៊ីនេះ គឺដើម្បីស្វែងរក និងបំផ្លាញប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។ ប្រសិនបើមិនបាញ់ទម្លាក់​បាឡុងនោះទេ រុស្ស៊ីនឹងអាចកំណត់គោលដៅអ៊ុយក្រែនបាន ហើយនឹងបើកការវាយប្រហារ​កំណត់គោលដៅចុងតាមរយៈយន្តហោះ និងសព្វាវុធផ្សេងទៀត។ ជុំវិញព័ត៌មាននេះ មិនមានការឆ្លើយតបពីរុស្ស៊ីឡើយ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា