អន្តរជាតិ

អ៊ុយក្រែនអះអាងថា ទាហានស៊ីឈ្នួលរុស្ស៊ីភាគច្រើនបានស្លាប់នៅដុនបាស

កងកម្លាំងអ៊ុយក្រែនអះអាងថា ទាហានស៊ីឈ្នួលរុស្ស៊ីភាគច្រើនរហូតទៅដល់ ៨០ភាគរយបានស្លាប់​នៅក្នុងតំបន់សមរភូមិដុនបាសភាគខាងកើត។

តាមប្រភព Hanna Maliar ជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនក្នុងបណ្តាញតេឡេក្រាម​បានឲ្យដឹងពី​របាយការណ៍ចុងក្រោយថា៖ ទាហាន​អ៊ុយក្រែន​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ខាត​បង់​យ៉ាង​ខ្លាំង​ដល់​កង​កម្លាំង​រុស្ស៊ី​នៅ​ភាគ​ខាង​កើតនៃប្រទេស បើ​ទោះ​បី​ជា​មាន​ការ​វាយ​ប្រហារ​ខ្លាំងពីរុស្ស៊ីក៏ដោយ។ ការវាយលុករបស់រុស្ស៊ីកំពុងបន្តនៅភាគខាងកើតអ៊ុយក្រែននៅស្ទើររាល់ម៉ោង ធ្វើឲ្យស្ថានការណ៍​តានតឹងក្តៅគគុកទៅៗ ហើយវាពិតជាពិបាកសម្រាប់កងទ័ពរបស់អ៊ុយក្រែនក្នុងការទប់ទល់។

ទោះជាយ៉ាងណាក៏ដោយ Hanna Maliarបានគូសបញ្ជាក់ថា ទាហានខាងអ៊ុយក្រែនមិនរួញរាទេ ពោលគឺកំពុងរារាំងសត្រូវពីការសម្រេចគោលដៅណាមួយជានិច្ច និងធ្វើឱ្យមានការខាតបង់យ៉ាង​ធ្ងន់ធ្ងរដល់រុស្ស៊ី។ ជាពិសេសការខាតបង់មានចំនួនដល់ទៅ ៨០ភាគរយឯណោះនៃបុគ្គលិក​នៅក្នុងអង្គភាពទាហានស៊ីឈ្នួល Wagner PMC ជាក្រុមហ៊ុនយោធាឯកជន និងអង្គភាពកងទ័ពទី២ រុស្ស៊ីនៅតំបន់ដុនបាស។ មន្រ្តីជាន់ខ្ពស់អ៊ុយក្រែនរូបនេះបានធ្វើការកត់សម្គាល់បន្ថែមទៀតថា ទាហានរុស្ស៊ីមានតែកម្លាំង តែមិនសូវមានចំណេះដឹងយុទ្ធសាស្រ្ត ការបណ្តុះបណ្តាលនៅខ្ចី មេបញ្ជាការរបស់ពួកគេក៏នៅមានកម្រិតក្នុងការវាយតម្លៃសមរភូមិ ហើយទាហានរុស្ស៊ីជាច្រើន​ក៏បានជួបប្រទះនឹងហានិភ័យជំងឺដោយកង្វះអនាម័យ។

ចំពោះរបាយការណ៍សុខភាពទាហានរុស្ស៊ី ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា វាគឺ        បណ្តាលមកពីខាងអ៊ុយក្រែនបានប្រើនូវអាវុធគីមី ប្រាសចាកនឹងច្បាប់សង្រ្គាមអន្តរជាតិ៕

ប្រភព៖UKRAINSKA PRAVDA

ប្រភពរូប៖UKRAINSKA PRAVDA
ប្រែសម្រួល៖សុខ តុលា