សន្ដិសុខសង្គម

លិចទូកនៅទន្លេមេគង្គស្ទឹងត្រែង មកទល់ពេលនេះរកឃើញសព៣នាក់ហើយ

ស្ទឹងត្រែង៖កម្លាំងអាជ្ញាធរខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ បានរកឃើញសព២នាក់ទៀត​សរុប៣នាក់ករណីលិចទូកនៅទន្លេមេគង្គស្ទឹងត្រែង ដែលបាត់ខ្លួន៤នាក់ពេលកន្លងមក។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ខែកុម្ភៈនេះ កម្លាំងចម្រុះបានរកឃើញសព២នាក់ទៀត គឺជាកូនស្រីនិងចៅស្រីរបស់ក្រុមគ្រួសារជនរងគ្រោះ សរុបរកឃើញសព៣នាក់ហើយនៅក្មេង​ប្រុសម្នាក់ទៀតមិនទាន់រកឃើញនៅឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ជនរងគ្រោះមួយគ្រួសារមានគ្នា៨នាក់ បានលិចទូកបាត់ខ្លួន​ចំនួន៤នាក់មាន ឪពុក-កូនស្រីបង្កើតនិងចៅ២នាក់នៅទន្លេមេគង្គម្តុំកន្ទុយកោះហាន ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

លោក អ៊ុង សុភ័ក្រ្ត មេប៉ុស្តិ៍សង្កាត់សាមគ្គីបានឱ្យដឹងថា ជនរងគ្រោះដែលបានបាត់ខ្លួន ឈ្មោះ សុត មី ភេទប្រុស អាយុ៥៦ឆ្នាំជា ឪពុកបានរកឃើញសពនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ។រីឯកូនឈ្មោះម៉ី សុគ្រី ភេទស្រី អាយុ​២៥ឆ្នាំ-ឈ្មោះលូយ ចន្ទ្រា ភេទប្រុស អាយុ៨ឆ្នាំ ជាចៅបានរកឃើញនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ។នៅចៅប្រុសឈ្មោះ លួយ ហាត់ អាយុ៦ឆ្នាំ មិនទាន់រកឃើញ។

ជនរងគ្រោះឪពុក កូនស្រីរួមទាំងចៅៗនៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ​ខេត្តស្ទឹងត្រែង ។គ្រួសារនេះមានគ្នា៨នាក់ ជិះទូកក្នុងគោលបំណងទៅធ្វើកម្មករលីឥដ្ឋ តែត្រូវជួប​ហេតុការណ៍ទឹកហូរកួចលិចទូកបណ្ដាលឱ្យបាត់សមាជិកគ្រួសារអស់៤នាក់និង៤នាក់ត្រូវបានសង្គ្រោះទាន់៕ដោយ៖សុខុម