សន្ដិសុខសង្គម

ម្ចាស់ចាប់បុរសម្នាក់លួចកាច់សោ.កម៉ូតូយកប្រគល់ឱ្យនគរបាល

ភ្នំពេញ​៖​ម្ចាស់បានឃាត់ខ្លួនជនសង្ស័យម្នាក់ប្រគល់ឱ្យសមត្ថកិច្ច ក្រោយពីបុរសរូបនោះ​ធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូរួចបណ្តើរយកចេញតែមិនបានសម្រេច។ករណីបង្កការភ្ញាក់ផ្អើលនេះនៅភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ​។

មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះចាន់​ ធា​ អាយុ២៣ឆ្នាំ ​ជាកម្មករសំណង់ ​កន្លែងកំណើតនៅ​ស្រុកត្រាំកក់​ ខេត្តតាកែវ​។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះសុខ ​សំណាង​ ភេទស្រី​ អាយុ២០ឆ្នាំ​ ជាអ្នកលក់មាន់ មានស្រុកកំណើតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

មុនករណីនេះកើតឡើង ម្ចាស់បានទុកម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខតាកែវ1X-8509​ នៅមុខបន្ទប់ជួល។ បន្ទាប់មកស្រាប់តែជនសង្ស័យម្នាក់បានដើរចូលទៅកាច់សោ.ករួចអូសម៉ូតូប្រុង ជិះចេញ។ភ្លាមនោះម្ចាស់ឃើញទាន់ក៏បានស្រែកឡើងបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងជួយដេញចាប់បានភ្លាមៗនិងយកប្រគល់ឱ្យសមត្ថកិច្ច។

បន្ទាប់មកសមត្ថកិច្ចបានសាកសួរជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែក​ព្រហ្មទណ្ឌដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ