សន្ដិសុខសង្គម

ម៉ូតូបញ្ឆេះអត់ឆេះបុរសម្នាក់ខឹងពេក ដុតចោលបង្កភ្ញាក់ផ្អើលអ្នកភូមិ

បាត់ដំបង៖បុរសម្នាក់ព្រោះខឹងម៉ូតូដេកុងតាក់និងធាក់ផងនៅតែមិនឆេះ ក្តៅក្រហាយបានទាញ​ដែកកេះមកដុតម៉ូតូនោះចោលផ្អើលអ្នកភូមិរត់មកជួយ។ករណីដុតម៉ូតូនេះបានបង្កការ​ភ្ញាក់ផ្អើលនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភ:។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា បុរសជាម្ចាស់ម៉ូតូឈ្មោះ វីត អាយុជិត ៣០ឆ្នាំ នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

នៅថ្ងៃកើតហេតុ បុរសរូបនោះបានជិះម៉ូតូចេញពីផ្ទះ។មកដល់ពាក់កណ្តាលផ្លូវ ចៃដន្យម៉ូតូបានរលត់ ទោះខំប្រឹងដេកុងតាក់បញ្ឆេះ និងធាក់ផងម៉ូតូនៅតែមិនឆេះ ហើយក៏សម្រេចចិត្តបណ្តើរម៉ូតូ​តាំងពីព្រឹកដល់ថ្ងៃរសៀល ហត់ផងហេវផង បានទូរសព្ទទៅម្តាយនៅឯផ្ទះដើម្បីរកលុយធ្វើម៉ូតូ។

ប៉ុន្តែម្តាយមិនខ្វល់ខ្វាយ ចុងក្រោយសម្រេចចិត្តដុតម៉ូតូចោលតែម្តង បង្កការភ្ញាក់ផ្អើលពេញភូមិ។ម៉ូតូដែលរងការដុតបំផ្លាញម៉ាកឃ្លិច ផ្លាកលេខបាត់ដំបង1Y-0045 ជាម៉ូតូរបស់ម្តាយទិញឱ្យ​ត្រូវឆេះខូចខាតយ៉ាងដំណំ៕ដោយ: ព្រះអង្គខ្មៅ