អន្តរជាតិ

មេទាហានស៊ីឈ្នួលរុស្ស៊ី Wagner និយាយថា រុស្ស៊ីអាចនឹងវាយឡោមព័ទ្ធទីក្រុង Bakhmut នៅចន្លោះខែមីនា-មេសា

មេកោយទាហានស៊ីឈ្នួលរុស្ស៊ី ហៅថា Wagner Group បាននិយាយថា រុស្ស៊ីអាចនឹងវាយឡោមព័ទ្ធ​បាន​ទីក្រុង Bakhmut គឺនៅចន្លោះខែមីនា និងមេសា ឆ្នាំ២០២៣នេះ។

នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរដ្ឋរុស្ស៊ី Ria Novosti បានដកស្រង់សម្ដីរបស់​លោក Yevgeny Prigozhin ស្ថាបនិកក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីនិយាយកាលពីថ្ងៃទី ១៥ ខែកុម្ភៈ  ក្នុងនោះរុស្ស៊ីនឹងវាយឡោមព័ទ្ធយកទីក្រុង Bakhmut ក្នុងតំបន់ខេត្តDonetsk បាននៅក្នុងខែមីនា ឬខែមេសា។ ​លោក Prigozhin ថា “វាជារឿងពិបាកនឹងទស្សន៍ទាយ ហើយភាពជោគជ័យរបស់រុស្ស៊ី​ក្នុងការ​វាយឡោមព័ទ្ធជុំវិញទីក្រុងនោះ មួយផ្នែក គឺអាស្រ័យលើបរិមាណសព្វាវុធរបស់លោកខាងលិច​ដែលបានផ្គត់ផ្គង់ដល់អ៊ុយក្រែន”។ ហើយកាលពីថ្ងៃទី ១១ ខែកុម្ភៈ ដូចដែលបានរាយការណ៍ដោយសារ​ព័ត៌មាន Reuters   Prigozhin ក៏បានអះអាងថាវាអាចចំណាយពេលពីរឆ្នាំសម្រាប់ទីក្រុងមូស្គូដើម្បី​ចាប់យក​តំបន់ខេត្ត Donetsk និង Luhansk ទាំងមូល ។ ហើយប្រសិនបើវាយដល់ទន្លេ Dnipro នោះវានឹងចំណាយពេលប្រហែលបីឆ្នាំ។

របាយការណ៍ចេញបន្តបន្ទាប់ ខណៈដែលលោក Serhii Cherevatyi អ្នកនាំពាក្យក្រុមភាគខាងកើតនៃ​កងកម្លាំង​ប្រដាប់អាវុធអ៊ុយក្រែន ក៏បាននិយាយតាមទូរទស្សន៍ជាតិថា ទាហានរុស្ស៊ីបានបាត់បង់មនុស្ស ១១៩ នាក់ស្លាប់ និង ១៦៣ នាក់រងរបួសនៅជិត Bakhmut ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយថ្ងៃទី ១៥ ខែកុម្ភៈ។ ការប្រយុទ្ធគ្នាកំពុងបន្តយ៉ាងសាហាវ កំពុងបាញ់ទៅបាញ់មក ហើយមិនទាន់មានការ​ជឿនលឿនពី​ភាគីណាមួយនោះទេ៕

ប្រភព៖ Ukrainska Pravda

ប្រភពរូប៖ Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា