សន្ដិសុខសង្គម

ពលរដ្ឋ២៤នាក់មានអាការចុកឆ្អល់និងក្អួត សង្ស័យពុលចំណីអាហារ

ខេត្តព្រះសីហនុ៖ពលរដ្ឋចំនួន២៤នាក់ មានអាការដែលគេអះអាងថាបានពុលចំណីអាហារ ដោយហូបបាញ់ហយ-ញាំ-នំបញ្ចុកក្នុងពិធីជួបជុំមួយ ត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ហេតុការណ៍នេះស្ថិតនៅភូមិក្រាំងអាត់ ឃុំ/ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែកុម្ភៈ។

ក្រោយពីទទួលបានព័ត៌មាន​ថាមានពលរដ្ឋ​ចំនួន​ ២៤នាក់​ពុលចំណីអាហារភ្លាម​ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានចុះសាកសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់បងប្អូនចំនួន​២៤នាក់​។ ​ក្នុង​នោះម្នាក់ៗ​ទទួល​បាន​ថវិកា​១០ម៉ឺន​រៀល​ និង​ជួយ​ឧបត្ថម្ភ​មណ្ឌល​សុខភាព​តក្ក​វិទ​ ចំនួន​១លានរៀល​។

ជុំវិញករណីពុលចំណីអាហារនេះ ប្រភពពីមន្ត្រីមូលដ្ឋានបានឱ្យដឹងថា បងប្អូនដែលមានអាការក្អួតចង្អោរ-ចុកពោះ-ងើបមិនរួច ពួកគាត់បានចូលរួមក្នុងពិធីជួបជុំមួយ​កាលពីយប់ថ្ងៃទី១៣​ ខែកុម្ភៈមកម្ល៉េះ។នៅថ្ងៃទី១៤កុម្ភៈ បន្ទាប់មួយថ្ងៃ បងប្អូនទាំងនោះមិនទាន់មានអាការធ្ងន់ធ្ងរទេ គ្រាន់តែមានស្ថានភាពចុកឆ្អល់និងក្អួតខ្លះៗតែប៉ុណ្ណោះ។

ប៉ុន្តែរហូតដល់ល្ងាចថ្ងៃទី១៥កុម្ភៈ ស្ថានភាពបងប្អូនកាន់តែដុនដាបរហូតមានចំនួនកើនដល់២៤ នាក់។ក្នុងនោះធ្ងន់ធ្ងរប្រមាណ៦នាក់ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ ហើយបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ។ បច្ចុប្បន្នពួកគាត់ទាំង២៤នាក់ មានសភាពធូរស្រាលដោយអ្នកខ្លះបានចេញទៅលំនៅវិញហើយ៕ដោយ៖វិចិត្រ