អន្តរជាតិ

ប៉ាគីស្ថានដំឡើងថ្លៃសាំងដល់១.០២ដុល្លារក្នុងមួយលីត្រ

ដោយ៖តុលា

ក្រសួងហិរញ្ញវត្ថុប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ប៉ាគីស្ថានបានដំឡើងថ្លៃសាំងបន្ថែម ២២.២០ រូពី (០.០៨៣៥ ដុល្លារ) ក្នុងមួយលីត្រ ខណៈតម្លៃសាំងសរុបនឹងត្រូវបានកើនឡើង ២៧២រូពីក្នុងមួយលីត្រ (១.០២ ដុល្លារ) ដោយសារតែតម្លៃរូបិយប័ណ្ណរបស់ប្រទេសធ្លាក់ចុះ។

ប្រាក់រូពីប៉ាគីស្ថានបានធ្លាក់ចុះយ៉ាងខ្លាំងធៀបនឹងប្រាក់ដុល្លារចាប់តាំងពីការកំណត់រឹតបន្តឹងរូបិយប័ណ្ណក្នុងស្រុកត្រូវបានដកចេញកាលពីខែមុន ក្នុងគោលបំណងចង់អនុញ្ញាតឱ្យតម្លៃរបស់វាត្រូវបានសម្រេចដោយអត្រាប្តូរប្រាក់ផ្អែកលើទីផ្សារជាធម្មតាវិញ។

ប្រទេសអាស៊ីខាងត្បូងមួយនេះ ត្រូវបានជាប់គាំងក្នុងការចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់ការចេញផ្សាយមូលនិធិសង្គ្រោះដ៏សំខាន់ ហើយដោយមានទុនបម្រុងគ្រប់គ្រាន់ដើម្បីបំពេញការនាំចូលត្រឹមតែបីសប្តាហ៍ប៉ុណ្ណោះ។ ប៉ាគីស្ថានកំពុងស្វែងរកការបង្កើនប្រាក់ចំណូល បើទោះបីជាអតិផរណា២៧%ខ្ពស់ជាច្រើនទសវត្សរ៍ក៏ដោយ។  ប្រទេសប៉ាគីស្ថានបានដាក់វិក្កយបត្រហិរញ្ញវត្ថុបន្ថែមនៅចំពោះមុខសភាកាលពីថ្ងៃពុធដោយស្នើឱ្យដំឡើងពន្ធលើទំនិញនិងសេវាកម្ម (GST) ដល់ទៅ ១៨% កើនឡើងពី ១៧% ដើម្បីជួយបង្កើនប្រាក់ចំណូលបន្ថែម ១៧០ ពាន់លានរូពី (៦៣៩.៧០ លានដុល្លារ) ក្នុងអំឡុងឆ្នាំសារពើពន្ធដែលបញ្ចប់ក្នុងខែកក្កដា។

វិក្កយបត្រហិរញ្ញវត្ថុក៏បានស្នើឱ្យដំឡើងពន្ធលើទំនិញប្រណិតដល់ ២៥%ផងដែរ ខណៈពេលដែលការដំឡើងពន្ធលើការធ្វើដំណើរតាមផ្លូវអាកាសថ្នាក់ដំបូង និងអាជីវកម្ម បារី និងភេសជ្ជៈមានជាតិស្ករក៏ត្រូវបានស្នើឡើង។ ក្រសួងហិរញ្ញវត្ថុបាននិយាយថា ប្រេងម៉ាស៊ូតសម្រាប់ប្រើបើកក្នុងល្បឿនលឿនឥឡូវនេះនឹងមានតម្លៃ ២៨០ រូពីក្នុងមួយលីត្រ បន្ទាប់ពីការកើនឡើង ១៧.២០រូពី។ តម្លៃប្រេងម៉ាស៊ូត និងប្រេងម៉ាស៊ូតស្រាលក៏បានកើនឡើងតាមគ្នាផងដែរ៕

ប្រភព៖ REUTERS