អន្តរជាតិ

តុលាការរុស្ស៊ីកាត់ទោសអ្នក​កាសែតម្នាក់ឲ្យ​ជាប់​គុក​៦​ឆ្នាំ​បទព្រហ្មទណ្ឌ​សង្គ្រាម​អ៊ុយក្រែន

តុលាការកំពូលរុស្ស៊ី បានកាត់ទោសអ្នកកាសែតម្នាក់ឲ្យជាប់គុក៦ឆ្នាំ កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយចោទពីបទព្រហ្មទណ្ឌ ផ្សាយព័ត៌មានមិនពិតពីកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន។

យោងតាមឯកសាររបស់តុលាការដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ តុលាការស្រុក Lenin នៅទីក្រុង Barnaul នៃតំបន់ស៊ីបេរីប្រទេសរុស្ស៊ី បានសម្រេចចេញ​សាលដីកាកាត់ទោសបទព្រហ្មទណ្ឌលើអ្នកកាសែតម្នាក់ គឺនាង Maria Ponomarenko អាយុ ៤៤ឆ្នាំ ឲ្យជាប់គុក ៦ឆ្នាំ និងហាមមិនឲ្យធ្វើជាអ្នកកាសែតរយៈពេល ៥ឆ្នាំ។ តុលាការបានចោទប្រកាន់ Ponomarenko ថាបានផ្សព្វផ្សាយព័ត៌មានមិនពិត ផ្សាយនិយាយអាក្រក់ពីសកម្មភាពរបស់​កងកម្លាំងប្រដាប់អាវុធរុស៊្សី នៅក្នុងទីក្រុងកំពង់ផែអ៊ុយក្រែនម៉ារីយូប៉ូល។ កាលពីដើមនៃសង្រ្គាម Ponomarenko បានសរសេរសារលើបណ្តាញសង្គមថា កងកម្លាំងអាកាសរុស្ស៊ីបានទម្លាក់គ្រាប់បែក​លើរោងមហោស្រពនៅទីក្រុង Mariupol របស់អ៊ុយក្រែន បង្កវិនាសកម្មសម្លាប់មនុស្សរាប់រយនាក់។

ជាការឆ្លើយតប Ponоmarenko ហាក់មិនមានការភ័យខ្លាចឡើយ ខណៈបានប្រាប់តុលាការមុនការ​កាត់ទោសរបស់នាងវិញថា “ស្នេហាជាតិគឺជាសេចក្តីស្រឡាញ់ចំពោះមាតុភូមិ ហើយសេចក្តីស្រឡាញ់​ចំពោះមាតុភូមិរបស់មនុស្សម្នាក់មិនគួរត្រូវបានបង្ហាញដោយការលើកទឹកចិត្តដល់ឧក្រិដ្ឋកម្មនោះទេ”។“ការ​វាយ​ប្រហារ​អ្នក​ជិត​ខាង​ជា​បទ​ឧក្រិដ្ឋ”។នេះបើយោងតាមសម្រង់សម្ដីដោយសារព័ត៌មាន RusNews ។

សូមរំលឹកថា រោងមហោស្រពនៅ Mariupol ត្រូវបានបំផ្លាញដោយការវាយប្រហារតាមអាកាស ដែលបានសម្លាប់មនុស្ស ៣០០ នាក់កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ បន្ទាប់ពីវាត្រូវបានគេប្រើជា​ជម្រកសុវត្ថិភាព។ ទីក្រុង Kyiv ធ្លាប់​បាន​ចោទ​រុស្ស៊ី​ថា​បាន​កំណត់​គោលដៅ​លើ​រោង​មហោស្រព​នេះដោយចេតនា តែទីក្រុងមូស្គូបានបដិសេធការចោទប្រកាន់នេះ ហើយនិយាយថា អ្នកជាតិនិយម​អ៊ុយក្រែនទេដែលជាអ្នកបានបំផ្ទុះវាឡើង៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា