អន្តរជាតិ

ណាតូជូនដំណឹងថា ប្រទេសជាសមាជិកកំពុងរួមគ្នាផ្តល់គ្រាប់ និងរថក្រោះខ្លារខិន Leopard 2 ៤៨គ្រឿងបន្ថែម

ប្រមុខមេដឹកនាំអង្គការណាតូបាននិយាយថា ប្រទេសជាសមាជិកកំពុងរួមគ្នាផលិតគ្រាប់រំសេវ និងសន្យាផ្តល់រថក្រោះខ្លារខិន Leopard 2 ចំនួន៤៨គ្រឿងបន្ថែមដល់អ៊ុយក្រែន។

ប្រធានអង្គការណាតូ លោក Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ    រយៈពេលពីរថ្ងៃនៃរដ្ឋមន្ត្រីការពារជាតិសម្ព័ន្ធមិត្តនៅក្នុងទីក្រុងប្រ៊ុចសែលថា “អ្វីៗកំពុងកើតឡើង ប៉ុន្តែយើងត្រូវបង្កើនបន្ថែមទៀត ពីព្រោះមានតម្រូវការដ៏ធំមួយនៅទីនោះ នោះគឺជាការផ្តល់គ្រាប់រំសេវ​ដល់អ៊ុយក្រែន”។ លោកបានកត់សម្គាល់ថា ប្រទេសដូចជាសហរដ្ឋអាម៉េរិក បារាំង អាល្លឺម៉ង់ និងន័រវែស បានចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់អាវុធ ដែលអាចឱ្យសមាជិកណាតូបំពេញភាគហ៊ុនរបស់ខ្លួន​បានដើម្បីបន្តការផ្គត់ផ្គង់ទីក្រុង Kyiv ចំពេលដែលមានការវាយលុករបស់រុស្ស៊ីកាន់តែខ្លាំងឡើងៗ។ ល្បឿននឹងការផលិតត្រូវតែបង្កើន ខណៈកងកម្លាំងអ៊ុយក្រែនបានប្រើអស់គ្រាប់រំសេវជារៀងរាល់ថ្ងៃ​ប្រហែល ១០.០០០គ្រាប់ធ្វើឲ្យឃ្លាំងអាវុធលោកខាងលិចចុះថយ។

ក្នុងពេលជាមួយគ្នានេះ ផែនការផ្គត់ផ្គង់ទីក្រុង Kyiv ក៏នឹងធ្វើឡើងជាមួយនឹងកងវរសេនាតូច​ពីរបន្ថែមនៃរថក្រោះ Leopard ២ ខ្លារខិនផងដែរ។  រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា បណ្តាប្រទេសលោកខាងលិចបានសន្យាផ្តល់រថក្រោះ Leopard 2 ខ្លារខិនចំនួន ៤៨ គ្រឿងបន្ថែមសម្រាប់ទីក្រុង Kyiv រួមទាំងកងវរសេនាតូចមួយនៃរថក្រោះ Leopard 2 A4 ចាស់ៗចំនួន ៣១ គ្រឿងទៀតក្រោមការសម្របសម្រួលដឹកជញ្ជូនដោយប្រទេសប៉ូឡូញ។ លើសពីនេះ ទីក្រុងប៊ែរឡាំងក៏នឹងឆ្លៀតបន្ថែមរថក្រោះ Leopard 2 A6 បាន៣គ្រឿងពីលើរថក្រោះខ្លារខិន១៤គ្រឿង​ដែលខ្លួនបានសន្យានាពេលកន្លងទៅផងដែរ៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា