សន្ដិសុខសង្គម

ឆ្លងចរន្តអគ្គិសនីតាមក្បាលមីក្រូឆក់ស្លាប់អាចារ្យវត្តម្នាក់ក្នុងកម្មវិធីបុណ្យ

ដោយ៖ព្រះអង្គខ្មៅ

បាត់ដំបងៈ ក្បាលមីក្រូឆ្លងចរន្តអគ្គិសនីឆក់ស្លាប់អាចារ្យម្នាក់ក្នុងកម្មវិធីបុណ្យឆ្លងចេតិយរបស់អ្នកភូមិ។

នគរបាលបានបញ្ជាក់ឲ្យដឹងថា ករណីឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យលោកអាចារ្យម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនេះបានកើតឡើងនៅវេលាម៉ោងជាង ៨ព្រឹកថ្ងៃទី ១៦ ខែកុម្ភ: ឆ្នាំ ២០២៣ ស្ថិតនៅក្នុងភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

មន្ត្រីដដែលបន្ថែមថា មុនពេលកើតហេតុម្ចាស់មេក្រូឈ្នួលបានបានចងមេក្រូភ្ជាប់ជាមួយនឹងចុងឬស្សីរួចបញ្ឍរឡើងលើជិតខ្សែភ្លើងមេ របស់រដ្ឋ ( ខ្សែស្រាត )។ លុះដល់មានខ្យល់បក់ដើមឬស្សីយោកចុះឡើងៗស្រាប់តែឆ្លងចរន្តតាមខ្សែមេក្រូបណ្តាលឲ្យឆក់ស្លាប់លោកអាចារ្យដែលកំពុងនិយាយរៀបរាប់កម្មវិធី ព្រមទាំងប្រជាពលរដ្ឋអ្នកចូលរួមម្នាក់ទៀតរបួស។

ជនរងគ្រោះមានឈ្មោះ វង្ស ចាប អាយុ ៦៨ឆ្នាំមុខរបរអាចារ្យវត្ត រស់នៅក្នុងភូមិ-ឃុំកន្លែងកើតហេតុខាងលើ។ ចំណែកឯជនរងគ្រោះម្នាក់ទៀតរបួសស្រាលឈ្មោះ ឡេង ឈន ភេទប្រុស អាយុ ៣៧ឆ្នាំរស់នៅភូមិជាមួយគ្នា៕