សេដ្ឋកិច្ច

ឆ្នាំ​២០២២ ចំណូល​ពី​ការចុះបញ្ជី​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន ៤៤ ប៊ី​លាន​រៀល​និង​ស្លាក​លេខ​ពិសេស​ថ្នាក់​រាជធានី​-​ខេត្ត​ជាង​៤០​ប៊ី​លាន​រៀល​

​ភ្នំពេញ​៖​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា នៅក្នុង​ឆ្នាំ​២០២២​ការចុះបញ្ជី​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​បាន​ចំនួន ៧.១២៥​ស្លាក ដោយបាន​ចំណូល ៤៤ ប៊ី​លាន​រៀល និង​ការចុះបញ្ជី​ផ្លាកលេខ​ពិសេស​ថ្នាក់​រាជ ធានី​-​ខេត្ត បាន ៣១.៧៥៦​ស្លាក រកបាន​ចំណូល​ជាង ៤០ ប៊ី​លាន​រៀល​។​

​លោក ស៊ុន ចាន់ថុល បាន​ថ្លែង​ឱ្យដឹង​ដូច្នេះ​ក្នុងពេល​លោក​បាន​អញ្ជើញ​ជា​អធិបតី​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២២​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣​នៅ​ទីស្តីការក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​

​បើ​គិត​ចាប់តាំងពី​បើក​ដំណើរការ​ចុះបញ្ជី​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៅ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០២០ មកដល់​ដំណាច់​ខែធ្នូ ឆ្នាំ​២០២២ កន្លងទៅនេះ គណៈកម្មការ​អន្តរក្រសួង​ចុះបញ្ជី​បាន ១៦.១៣២​ស្លាក និង​ទទួលបាន​ចំណូល​ជាង ១១៤ ប៊ី​លាន​រៀល​៕​ដោយៈសិរីមតី