សេដ្ឋកិច្ច

ឆ្នាំ​២០២២ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រកចំណូលបាន​ប្រមាណ៣៥១ ប៊ី​លាន​រៀល

​ភ្នំពេញ​៖ យោងតាម​របាយការណ៍​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣ បានឱ្យដឹងថា ឆ្នាំ​២០២២​កន្លងទៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​ទំនិញ​ឆ្លងកាត់​ប្រមាណ ៥,៣ លាន​តោន មានការ​កើនឡើង ១,២៩% និង​រក​ចំណូល​សរុប​ប្រមាណ ៣៥១ ប៊ី​លាន​រៀល ស្មើនឹង​ប្រមាណ ៨៦​លាន​ដុល្លារ​អាម៉េរិក កើនឡើង ២,៤៥% បើ​ធៀប​នឹង​ឆ្នាំ​២០២១​។​

​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា​៖ បច្ចុប្បន្ន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​នឹង​កំពុងអភិវឌ្ឍន៍ និង​ធ្វើ​ទំនើបកម្ម​ចំណត​ផែ​កុងតឺន័រ​ថ្មី តាមរយៈ​ការសិក្សា​ជាមួយ JICA ដើម្បី​ប្រែក្លាយជា​កំពង់ផែ​ក្នុង​តំបន់​ដ៏​មាន​សក្តានុពល​ក្នុងការ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ ដែល​បច្ចុប្បន្ន​បាននិងកំពុង​ស្ថិតក្នុង​នីតិវិធី​ដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់​។​

ជាមួយគ្នានេះ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក៏​បាននិងកំពុង​សិក្សា​សមិទ្ធិ​លទ្ធភាព​សាងសង់​ផែ​កុងតឺន័រ​ជំហាន​ទី​២ និង​ជំហាន​ទី​៣ ក្នុងនោះ ជំហាន​ទី​២ មាន​ប្រវែង​៤០០​ម៉ែត្រ មាន​ជម្រៅ​ទឹក ១៦​ម៉ែត្រ ដែលជា​គម្រោង​ឆ្នាំ​២០២៥-២០២៨ និង ជំហាន​ទី​៣ មាន​ប្រវែង ៤៣០​ម៉ែត្រ មាន​ជម្រៅ​ទឹក ១៧,៥​ម៉ែត្រ ដែលជា​គម្រោង​ឆ្នាំ​២០២៦-២០៣០៕​ដោយៈសិរីមតី