សន្ដិសុខសង្គម

ឆេះផ្ទះ១ខ្នងនិងលុយសម្រាប់ការកូនជិត១ម៉ឺនដុល្លារអស់គ្មានសល់

ភ្នំពេញ៖អគ្គិភ័យបានកើតឡើងបណ្តាលឱ្យឆេះផ្ទះមួយខ្នង ជាមួយសម្ភារប្រើប្រាស់-ទ្រព្យសម្បត្ តិនិងលុយសម្រាប់ទុកការកូនជិត១ម៉ឺនដុល្លារអស់គ្មានសល់។ហេតុការណ៍ខាងលើនៅភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ នួន ភារុណ អាយុ៤៥ឆ្នាំ ជាមេជាងសំណង់។ ប្រពន្ធឈ្មោះ ម្លូ រក្សា អាយុ៤២ឆ្នាំ ជាអ្នកលក់ដូរ មានកូនចំនួន៣នាក់រស់ក្នុងបន្ទុក។

ផ្ទះដែលភ្លើងឆេះសង់ពីថ្មផ្ទាល់ដីប្រក់ស័ង្កសី ទំហំ៥ម៉ែត្រគុណ៨ម៉ែត្រអស់ស្ទើរទាំងស្រុង។ខូចខាតសម្ភារមានគ្រែ-ពូក-ខ្នើយ-ខោអាវនិងលុយចំនួន៨.៩០០ដុល្លារទុកសម្រាប់ឱ្យថ្លៃបណ្ណាការ កូនស្រីដែលដាក់ក្រោមពូក ត្រូវបានភ្លើងឆេះអស់គ្មានសល់។តែគ្រឿងអលង្ការដាក់នៅក្នុងទូផ្សេងទៀត មិនបាត់បង់ខូចខាតឡើយ ។

ប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុម្ចាស់ផ្ទះមិនបាននៅទេ ដោយចាក់សោទុកចោល ព្រោះចេញ ទៅធ្វើការងារនិងលក់ដូរ។បន្ទាប់មកស្រាប់តែមានផ្សែងហុយចេញពីក្នុងផ្ទះទើបអ្នកភូមិនាំគ្នា ជួយគាស់ទ្វារ ក្រោយ-គាស់ដំបូលចូលបាញ់ទឹក។ជាមួយនោះក៏មានរថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿងបានមកដល់ជួយបាញ់ទឹកភ្លើងក៏រលត់ទៅវិញ។

តាមការពិនិត្យគ្រោះអគ្គិភ័យខាងលើបង្កចេញពីឆ្លងចរន្តខ្សែកង្ហារ ដែលម្ចាស់ដោតទុកចោលក្នុងបន្ទប់ ទើបភ្លើងឆេះរាលតែម្តងតែមិនគ្រោះថ្នាក់ដល់មនុស្សទេ៕ដោយ៖វិចិត្រ