សន្ដិសុខសង្គម

ចោរ២នាក់ជិះម៉ូតូឆក់ទូរសព្ទទំនើបពីជនបរទេសរួចគេចខ្លួនបាត់

ភ្នំពេញ៖ចោរ២នាក់ជិះម៉ូតូឌុបគ្នាហើយបានឆក់ទូរសព្ទម៉ាក“អាយហ្វូន១៣ប្រូម៉ែក” ពីជនជាតិបរទេស​ប្រុសស្រី២នាក់បានសម្រេចរួចគេចខ្លួនបាត់។ហេតុការណ៍នេះបានកើតឡើងស្ថិតនៅតាមផ្លូវ១០៥ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភៈ។

បុរសម្ចាស់ផាស្អេបបានឱ្យដឹងថា មុនកើតហេតុ ស្រ្តីនិងបុរសជាជនបរទេស បានជួលផាស្អេប​គាត់ជិះពីខណ្ឌ៧មករាត្រឡប់ទៅផ្ទះវិញបើកតាមផ្លូវ១០៥ ពីជើងទៅត្បូង។មកដល់កន្លែងខាងលើ ស្រាប់តែមានចោរ២នាក់ជិះម៉ូតូឌុបគ្នាមកពីក្រោយឆក់យកទូរសព្ទពីស្រ្តីរងគ្រោះបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់តែម្តង។

ក្រោយមកសមត្ថកិច្ចបានចុះមកនាំជនបរទេស២នាក់នោះយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកេងកងទី២សាកសួរ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យនិងស្រាវជ្រាវចាប់ខ្លួនយកមកចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ