សេដ្ឋកិច្ច

ការស្ថាបនាផ្លូវ​ក្រវាត់ក្រុង​ទី​៣ នឹង​បញ្ចប់​នៅ​ខែមិថុនា​ឆ្នាំនេះ

​ភ្នំពេញ​៖​ថ្លែង​នៅក្នុង​កម្មវិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣ លោក​ទេសរដ្ឋមន្ដ្រី​បាន​លើកឡើងថា គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​អាច​នឹង​បញ្ចប់​ការសាងសង់​នៅ​ខែឧសភា ឬ​ខែមិថុនា ខាង​មុខ​នេះហើយ​។គម្រោង​នេះ​ត្រូវបាន​សាងសង់​យឺតយ៉ាវ​រយៈពេល១ឆ្នាំ​ដោយសារ​បញ្ហា​មួយចំនួន ពិសេស​គឺ​ការ​ផ្ទុះឡើង​នៃ​វីរុស​កូ​វីដ​១៩​។​

​លោក​បាន​បញ្ជាក់ថា ៖​ទោះជា​មានការ​យឺតយ៉ាវ​ក៏ដោយ ក៏ប៉ុន្ដែ​យើង​សង្ឃឹមថា​ចប់​នៅ​ខែ ៥ ឬ​ខែ ៦ ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មុន​យុទ្ធនា​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២៣​។​

​សូម​ជម្រាប​ផងដែរ​ថា គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី ៣ នេះ​មាន​ប្រវែង​សរុប ៥២,៩៨៣ គីឡូម៉ែត្រ មាន​ទទឹង ២២ ម៉ែត្រ មាន ៤ គន្លង ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៦ លេខ ៥ លេខ ៤ លេខ ៣ លេខ ២ រហូតដល់​ផ្លូវជាតិ​លេខ ១ កាត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដោយ​ប្រើប្រាស់​ថវិកា​លើ​ការសាងសង់​ចំនួន ២៦៧,៦៧ លាន​ដុល្លារ​អាមេរិក​៕​ដោយៈផាវី