ព័ត៌មានជាតិ

ជប៉ុនផ្ដល់ជំនួយសាងសង់សារមន្ទីរមីនក្នុងខេត្តសៀមរាបដែលមានរាងជាគ្រាប់មីន

សៀមរាប៖ ប្រទេសជប៉ុន ជាប្រទេសមួយក្នុងចំណោមប្រទេសម្ចាស់ជំនួយមួយចំនួនទៀត បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារបោសសម្អាតគ្រាប់មីននៅកម្ពុជា។

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) លោក ហេង រតនា ឱ្យដឹងថា៖ ក្នុងដំណើរទស្សនកិច្ចរបស់ឯកអគ្គរាជទូតប្រទេសជប៉ុនថ្មី  លោកUENO Atsushi ជាមួយតំណាងអង្គការ JICA ប្រចំានៅកម្ពុជានៅសារមន្ទីរសន្ដិភាពមីនក្នុងខេត្ដសៀមរាប កាលពីថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២៣កន្លងទៅ គឺជប៉ុនកំពុងសិក្សាឈ្វេងយល់ពីសំណល់សង្គ្រាម គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងស្វែងរកទីតាំងដើម្បីសាងសង់សារមន្ទីរសន្ដិភាពមីន ដែលធំជាងគេនៅលើពិភពលោកមួយទៀតផង។

លោក ហេង រតនាឱ្យដឹងទៀតថា៖ រាជរដ្ឋាភិបាលជប៉ុន បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ​ការងារបោសសម្អាតមីននៅកម្ពុជា ហើយជាមួយគ្នានេះ រាជរដ្ឋាភិបាលជប៉ុនក៏បានផ្តល់ថវិកាចំនួន​២.៤៥៤លានយេន សម្រាប់សាងសង់សារមន្ទីរសន្តិភាព ដើម្បីបង្ហាញពីសកម្មភាពកម្ចាត់មីន ដែលសារមន្ទីរថ្មីនេះគ្រោងនឹងធ្វើឡើងក្នុងខេត្តសៀមរាប ដោយអគារនឹងរចនាមានរាងជាគ្រាប់មីន ដែលជាសារមន្ទីរធំ អាចមានតែមួយគត់នៅលើពិភពលោក។

ទាក់ទងនឹងបញ្ហាគ្រាប់មីននេះដែរ កាលពីពេលថ្មីៗ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ទិសដៅ​ឱ្យអនុវត្តគម្រោងមូលនិធិកម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥ នៅលើខេត្តចំនួន៥នាតំបន់ប៉ែក​ខាងលិចនិងភាគឧត្តរនៃប្រទេស។

ខេត្តទាំង៥ ដែលដាក់ឱ្យអនុវត្តគម្រោងមូលនិធិកម្ពុជាគ្មានគ្រាប់មីនឆ្នាំ២០២៥ មុនគេនោះ គឺខេត្តកំពង់ធំ  សៀមរាប  ព្រះវិហារ  ពោធិ៍សាត់ និងខេត្តប៉ៃលិន។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជាលោកហេង រតនា ធ្លាប់បានថ្លែងក្នុងពេលជួបសំណេះសំណាលជាមួយមន្រ្តីបោសសម្អាតមីន(CMAC)នៅឯសារមន្ទីសន្តិភាពមីន នាស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ថា គម្រោងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ សម្រាប់ខេត្តសៀមរាបត្រូវបោសសម្អាតក្នុងឆ្នាំ២០២៣ មានស្រុកអង្គរជុំ ស្រុកស្វាយលើ និងស្រុកវ៉ារិន លើទំហំផ្ទៃដីសរុប២៤១៨ហិកតា ខេត្តកំពង់ធំ មានស្រុកកំពង់ស្វាយ ស្រុកប្រាសាទបល្ល័ង្គ ស្រុកសន្ទុកនិងស្រុកស្ទោង លើផ្ទៃដីសរុបទំហំ៣៨៦០ហិកតា។ ខេត្តព្រះវិហារ នៅស្រុកជ័យសែន ស្រុកគូលេន ក្រុងព្រះវិហារ ស្រុករវៀង ស្រុកសង្គមថ្មី និងស្រុកត្បែងមានជ័យ លើផ្ទៃដីទំហំសរុប១១៣៧ហិកតា។ ខេត្តប៉ៃលិន មានស្រុកសាលាក្រៅ និងស្រុកប៉ៃលិន មានផ្ទៃដីទំហំសរុប១៧៦០ហិកតា និងខេត្តពោធិ៍សាត់ មានស្រុកកណ្តៀង ស្រុកភ្នំក្រវាញ និងស្រុកវាលវែង លើផ្ទៃដីទំហំសរុប១៤៥៥ហិកតា។ ជាមួយគ្នានោះរាជធានីខេត្តចំនួន៦ផ្សេងទៀត រួមមានខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង ខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ គឺបានប្រកាសអស់មីនជាស្ថាពរហើយ ។

លោកហេង រតនា បញ្ជាក់ទៀតថា៖ បើទោះបីនៅត្រឹមឆ្នាំ២០២៥ កម្ពុជាបានកំណត់បោសសម្អាត​គ្រាប់មីនឱ្យអស់ក៏ដោយ ក៏ប៉ុន្តែសម្រាប់បញ្ហាសំណល់ជាតិផ្ទុះសល់ពីសង្រ្គាម ដូចជាគ្រាប់បែកទម្លាក់ពីលើយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ នៅតែមានរាយប៉ាយលើផ្ទៃដីនៃប្រទេសធំធេងនៅឡើយ ដែលកម្ពុជាមិនទាន់អាចដោះស្រាយ ឱ្យអស់នៅត្រឹមឆ្នាំ២០២៥ទេ។

មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ក៏នៅតែប្រឹងប្រែងលើវិស័យបោសសម្អាតមីន​និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បើទោះបីជាសកម្មភាពបានជោគជ័យភាគច្រើនហើយក៏ដោយ ព្រមទាំងអំពាវនាវដល់ក្រុមមន្ដ្រីបុគ្គលិកស៊ីម៉ាក់ទាំងអស់ ឱ្យនៅតែយកចិត្ដទុកដាក់បំពេញការ​អនុវត្តការងារនេះឱ្យបានល្អប្រសើរថែមទៀត ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋនិងដើម្បីឱ្យកម្ពុជា​គ្មានមីននៅឆ្នាំ២០២៥។

របាយការណ៍របស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC)ឱ្យដឹងថា៖ គិតត្រឹមខែធ្នូឆ្នាំ២០២២ CMAC បោសសម្អាតផ្ទៃដីដែលសង្ស័យថាមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមទំហំប្រមាណ​២៥៥៤ គីឡូម៉ែត្រក្រឡា ដោយរកឃើញនិងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន១.១៥៣.២១៧ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៦.១៣៥ គ្រាប់និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមចំនួន ៣.០៣៤.៧២៧គ្រាប់ ព្រមទាំងបានផ្ដល់អត្ថប្រយោជន៍ ឱ្យប្រជាជនកម្ពុជាបានជាង៩លាននាក់។

សម្រាប់ឆ្នាំ២០២៣នេះ ផ្ទៃដីមានមីនប្រមាណ៤១១ គីឡូម៉ែត្រក្រឡាទៀត គ្រោងនឹងបោសសម្អាត ដែលទទួលបានការគាំទ្រពីប្រមុខនៃរាជរដ្ឋាភិបាលសម្តេចតេជោ តាមរយៈមូលនិធិកម្ពុជាគ្មានគ្រាប់មីន​ឆ្នាំ២០២៥ និងដៃគូអភិវឌ្ឍន៍៕