អន្តរជាតិ

អាម៉េរិក​ព្រមាន​អ៊ុយក្រែន​ថា សង្រ្គាម​កំពុង​ឈានជិត​ដល់​ចំណុច​សំខាន់ហើយ

សហរដ្ឋអាម៉េរិកព្រមានអ៊ុយក្រែនថា ចូរប្រុងជើងការឲ្យបានល្អ ខណៈសង្រ្គាមកំពុងឈានជិតដល់​ចំណុច​សំខាន់ខួបមួយឆ្នាំហើយ។

កាសែត The Washington Post បានដកស្រង់ការព្រមាននេះពីបណ្តាមន្រ្តីជាន់ខ្ពស់អាម៉េរិក ព្រមទាំងប្រធានាធិបតីចូបៃដិនថា  “សង្រ្គាមក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានក្លាយទៅជាការ​វាយលុក​យឺតៗនៅភាគខាងកើតអ៊ុយក្រែន ដោយភាគីទាំងពីរមិនទទួលបានអ្វីក្នុងកម្រិតកំពូល​ណាមួយសោះឡើយ”។ មន្រ្តីនៃរដ្ឋបាល Biden ជាន់ខ្ពស់ភាគច្រើនជឿជាក់ថា ចំណុចប្រសព្វដ៏សំខាន់នឹងមកដល់នៅនិទាឃរដូវខាងមុខនេះ នៅពេលដែលរុស្ស៊ីត្រូវបានគេ​រំពឹងថានឹងចាប់ផ្តើមការវាយលុកទ្រង់ទ្រាយថ្មីខ្លាំង ហើយអ៊ុយក្រែននឹងបន្តទប់ទល់បង្កើន​ការ​វាយលុក​បកវិញក្នុង​កិច្ច​ប្រឹងប្រែង​មួយ​ដើម្បី​ដណ្តើម​យក​ទឹកដី​ដែល​បាត់​បង់​មក​វិញ។

កាលពីថ្មីៗនេះ នាយកស៊ើបការណ៍សម្ងាត់អាម៉េរិក CIA លោក William Burns បានទៅទស្សនកិច្ចនៅអ៊ុយក្រែន។ លោក​បាន​ប្រាប់​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy អំពី​ផែនការ​យោធា​របស់​រុស្ស៊ី​សម្រាប់​ប៉ុន្មាន​ខែ​ខាង​មុខ ហើយ​បាន​បញ្ជាក់​ពីយុទ្ធសាស្រ្ត​ប្រុងជើងការនានា​ដែលត្រូវធ្វើ។ លើសពីនេះ បច្ចុប្បន្នរដ្ឋបាល Biden កំពុងធ្វើការជាមួយសភា ដើម្បីអនុម័តជំនួយថវិកាផ្ទាល់ចំនួន ១០ ពាន់លានដុល្លារផ្សេងទៀតដល់ទីក្រុង Kyiv ហើយត្រូវបានគេរំពឹងថានឹងប្រកាសកញ្ចប់ជំនួយយោធាដ៏សំខាន់មួយផ្សេងទៀតនៅ  សប្តាហ៍ក្រោយ និងដាក់ទណ្ឌកម្មថ្មី​លើវិមានក្រឹមឡាំងក្នុងពេលតែមួយ៕

ប្រភព៖France 24

ប្រភពរូប៖France 24
ប្រែសម្រួល៖សុខ តុលា