អន្តរជាតិ

អាម៉េរិក​គ្រោង​ផ្គត់ផ្គង់​អ៊ុយក្រែន​ជាមួយនឹង​អាវុធ​អ៊ីរ៉ង់​រត់ពន្ធ​ដែល​រឹបអូសបានពី​ក្រុម​សកម្មប្រយុទ្ធ​យេម៉ែន

សហរដ្ឋអាម៉េរិកគ្រោងនឹងផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងអាវុធអ៊ីរ៉ង់រត់ពន្ធរាប់ពាន់គ្រឿង ដែលរឹបអូសបានពីក្រុមសកម្មប្រយុទ្ធយេម៉ែន។

កាសែត The Wall Street Journal បានដកស្រង់សម្ដីមន្ត្រីសហរដ្ឋអាម៉េរិកនៅសប្តាហ៍នេះថា អាម៉េរិកកំពុងសម្លឹងមើលលើការបញ្ជូនកាំភ្លើងវែងជាង ៥០០០ ដើម គ្រាប់រំសែវធុនតូច ១.៦ លានគ្រាប់ កាំជ្រួចប្រឆាំងរថក្រោះមួយចំនួនតូច និងក្បាលកាំជ្រួចជិត ៧០០០ដើម ដែលរឹបអូសបានក្នុងរយៈពេល​ប៉ុន្មានខែថ្មីៗនេះនៅឯឆ្នេរសមុទ្រយេម៉ែនពីអ្នករត់ពន្ធដែលសង្ស័យថាធ្វើការឱ្យអ៊ីរ៉ង់ទៅឲ្យកងកម្លាំងអ៊ុយក្រែន។

ក៏ប៉ុន្តែបើទោះជាយ៉ាងណា បញ្ហាប្រឈមសម្រាប់រដ្ឋបាលអាម៉េរិក គឺជាការស្វែងរកយុត្តកម្មផ្លូវច្បាប់​សម្រាប់ការទទួលយកអាវុធពីជម្លោះមួយ ហើយផ្ទេរទៅមួយផ្សេងទៀត។ ការដាក់ទណ្ឌកម្មអាវុធ​របស់អង្គការសហប្រជាជាតិ តម្រូវឱ្យសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបំផ្លាញ រក្សាទុកអាវុធដែល​រឹបអូសបាននោះ។ មេធាវីរដ្ឋបាលលោក Biden បាននិងកំពុងសម្លឹងមើលថាតើដំណោះស្រាយនេះ​បង្កើតលទ្ធភាពណាមួយសម្រាប់ពួកគេក្នុងការផ្ទេរអាវុធទៅអ៊ុយក្រែនដែរ ឬទេ។

កាំភ្លើងនិងគ្រាប់រំសេវត្រូវបានរឹបអូសក្នុងប៉ុន្មានខែថ្មីៗនេះដោយសហរដ្ឋអាម៉េរិក និងបារាំង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាសកល ដែលផ្តោតជាសំខាន់លើការទប់ស្កាត់​អ៊ីរ៉ង់ពីការរត់ពន្ធអាវុធចូលទៅក្នុងប្រទេសយេម៉ែន។ សម្ព័ន្ធមិត្តហូទីសរបស់ទីក្រុងតេអេរ៉ង់ បានប្រយុទ្ធនឹងសង្រ្គាមរយៈពេលប្រាំបីឆ្នាំប្រឆាំងនឹងរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត ដែលត្រូវបានបង្ខំឱ្យចាកចេញពីរដ្ឋធានីក្នុងឆ្នាំ ២០១៤៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា