អន្តរជាតិ

ហ្សេឡិនស្គី៖ ស្ថានភាពសមរភូមិជួរមុខ ខេត្តដូណេតពិបាកខ្លំាងបំផុតហើយពេលនេះ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ស្ថានភាពសមរភូមិជួរមុខ​នៃខេត្តដូណេតភាគខាងកើតនៅសប្តាហ៍នេះគឺពិបាកខ្លាំងបំផុតហើយ រុស្ស៊ីសម្រុកបុកខ្លាំង​ក្នុងគោលបំណងដើម្បីឆាប់បានដណ្តើមកាន់កាប់។

ការជូនដំណឹងនេះ បានធ្វើឡើងកាលពីថ្ងៃអង្គារ ទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ​ដោយប្រធានាធិបតី​អ៊ុយក្រែន​ផ្ទាល់ គឺលោក Volodymyr Zelensky។ លោកស្គីនិយាយថា ស្ថានភាពនៅជួរមុខអ៊ុយក្រែនគឺ “ពិបាកខ្លាំងណាស់” ជាពិសេសនៅក្នុងតំបន់ភាគខាងកើតរបស់ប្រទេស ខណៈរុស្ស៊ីស្វែងរកការ​គ្រប់គ្រងពេញលេញ។ ដោយបានបញ្ជាក់ក្នុងសម្រង់សម្ដី លោកស្គីថា សមរភូមិនោះគឺស្ថិត​ក្នុងខេត្តដូណេត និងលូហាន់ ជាមួយនឹងការបាញ់ផ្លោងកាំភ្លើងធំខ្មៅមេឃ។ លោកនិយាយដោយខ្លីថា “វាកំពុងពិបាកខ្លាំងណាស់”។

ដោយឡែកងាកមកសម្រង់ព័ត៌មានពីខាងរុស្ស៊ីវិញ លោក Yevgeny Prigozhin ដែលជាប្រធានអង្គការ​យោធាស៊ីឈ្នួលរុស្ស៊ី Wagner Group ក៏បានទទួលស្គាល់កាលពីថ្ងៃអង្គារដែរថា ទីប្រជុំជន Bakhmut របស់អ៊ុយក្រែនក្នុងខេត្តដូណេត គឺមិនទាន់ត្រូវបានកងកម្លាំងរុស្ស៊ីកាន់កាប់បានទេ។ ក្រុមទំនាក់ទំនង​របស់ Prigozhin បាននិយាយតាមរយៈ Telegram ថា “យើងនឹងមិនច្បាស់ពីការចាប់យកវានោះទេ” ។ “ព្រោះ Bakhmut កំពុងតែមានការតស៊ូខ្លាំង… ម៉ាស៊ីនកាំភ្លើងធំកំពុងដំណើរការ”។

យោងតាមទីភ្នាក់ងារ AFP  ទាហានស៊ីឈ្នួលរបស់ Prigozhin បានកត់សម្គាល់ឲ្យដឹងក្នុងប៉ុន្មានថ្ងៃថ្មីៗ​នេះថា កងកម្លាំងរុស្ស៊ីបានចាប់យកទីតាំងជិតខាងជាបន្តបន្ទាប់ក្នុងការប៉ុនប៉ងឡោមព័ទ្ធទីក្រុង Bakhmut  ហើយថាកងកម្លាំងអ៊ុយក្រែនបានវាយទប់ទល់យ៉ាងសកម្ម ហើយបានបញ្ជូនទុន​បម្រុងថ្មីគ្រប់ពេល។ ជារៀងរាល់ថ្ងៃ យុទ្ធជនអ៊ុយក្រែនចន្លោះពី ៣០០ ទៅ ៥០០ នាក់បានមកដល់ Bakhmut ការបាញ់កាំភ្លើងធំៗកើនឡើងជារៀងរាល់ថ្ងៃ។ ដូច្នេះ “សម្រាប់​ពេល​នេះ គ្មាន​ការ​រំពឹង​ទុក​ណា​មួយ​ដែល​អ៊ុយក្រែន​នឹងបោះបង់ទឹកដីរត់ចោលសមរភូមិ​ដោយ​គ្មាន​ការ​ប្រយុទ្ធ​នោះ​ទេ”៕

ប្រភព៖AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា