អន្តរជាតិ

សហភាពអឺរ៉ុប២៧ប្រទេសត្រៀមជួបគ្នាថ្ងៃពុធនេះប្រកាសទណ្ឌកម្មថ្មីលើរុស្ស៊ី

សហភាពអឺរ៉ុប២៧ប្រទេស ត្រៀមជួបប្រជុំគ្នានៅថ្ងៃពុធនេះ ដើម្បីប្រកាសកញ្ចប់ទណ្ឌកម្មថ្មីដាក់លើរុស្ស៊ី ខណៈអាចនឹងកំណត់គោលដៅទាំងលើមន្រ្តី, មេដឹកនាំយោធា និងប្រព័ន្ធធនាគារ។

ប្រធានគណៈកម្មាធិការប្រតិបត្តិការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយកាលពីសប្តាហ៍មុនរួចហើយ បន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដោយថាសហភាពនឹងជួបជុំគ្នាផ្លូវការនៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីធ្វើការដាក់ទណ្ឌកម្មលើអ្នកនយោបាយ និងមេដឹកនាំយោធាមួយចំនួនរបស់ រុស្ស៊ី ក៏ដូចជាអ្នកឃោសនាកុហកបំពុលសង្គមសាធារណៈរុស្ស៊ី និងបរទេស។ តាមប្រភពមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា លោកស្រីប្រធាន បានស្នើឲ្យសហភាពគួរតែកំណត់គោលដៅកាត់ផ្តាច់ប្រព័ន្ធទូទាត់​សកលលើធនាគាររុស្ស៊ីចំនួន៤ បន្ថែមទៀតរួមទាំងធនាគារឯកជន Alfa-Bank ,ធនាគារអនឡាញ Tinkoff និងអ្នកផ្តល់ប្រាក់កម្ចីពាណិជ្ជកម្ម Rosbank។ លើសពីនេះ ក៏មានការហាមប្រាមលើសារធាតុ​ជ័រកៅស៊ូ និងសារធាតុគីមីផងដែរ ក្នុងគោលបំណងដើម្បីបង្អាក់ខ្សែចង្វាក់ផលិតអាវុធ និងឧបករណ៍​ប្រយុទ្ធដាក់ពង្រាយនៅអ៊ុយក្រែន។

តាមរយៈកញ្ចប់ទណ្ឌកម្មនេះ លោកស្រីប្រធានសហភាពបាននិយាយថា “វានឹងហាមឃាត់ការនាំចេញ​របស់រុស្ស៊ីបន្ថែមក្នុងទឹកប្រាក់រហូតដល់ ១០ ពាន់លានអឺរ៉ូ (ស្មើនឹង១០,៧ ពាន់លានដុល្លារ) ដែលនឹងធ្វើឱ្យ​ក្បាលម៉ាស៊ីនយោធារបស់រុស្ស៊ីកាន់តែស្រេកឃ្លាន និងបន្តអង្រួនមូលដ្ឋានគ្រឹះ​នៃសេដ្ឋកិច្ចរបស់រុស្ស៊ី”៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា