អន្តរជាតិ

រុស្ស៊ីត្រៀមវាយប្រហារតាមអាកាស វាយផ្តាច់បំបែកអ៊ុយក្រែននាពេលឆាប់ៗនេះ

រុស្ស៊ីត្រៀមវាយលុកតាមអាកាសវាយផ្តាច់បំបែកអ៊ុយក្រែននាពេលឆាប់ៗនេះ ខណៈរបាយការណ៍​អង្គការណាតូបានបង្ហាញថា រុស្ស៊ីបានប្រមូលផ្តុំកងយន្តហោះចម្បាំងនៅតាមព្រំដែនបណ្តើរៗហើយ។

មន្ត្រីអង្គការណាតូបាននិយាយកាលពីថ្ងៃអង្គារថា ប្រព័ន្ធការពារដែនអាកាសត្រូវតែប្រញាប់ដាក់ចូល​ទៅកាន់ប្រទេសអ៊ុយក្រែនឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីទប់ទល់ជាមួយនឹងការ​វាយលុកថ្មី​របស់រុស្ស៊ី ដែលនឹងធ្វើឡើងនាពេលខាងមុខ។ ប្រមុខការពារជាតិ អាម៉េរិក លោក Lloyd Austin បាននិយាយនៅឯទីស្នាក់ការរបស់អង្គការណាតូក្នុងទីក្រុងប្រ៊ុចសែល ជាកន្លែងដែលក្រុមមន្ត្រី​កំពុងជួបប្រជុំនោះ បានកត់សម្គាល់ថា ការការពារដែនអាកាសរបស់អ៊ុយក្រែននៅពេលនេះ “មិនគ្រប់គ្រាន់ទេ ហើយយើងនឹងបន្តជំរុញរហូតដល់អ៊ុយក្រែនទទួលបានបន្ថែមទៀត។ Austin បានបន្ថែមថា “រុស្ស៊ីមានយន្តហោះចម្បាំងយ៉ាងច្រើន  និងសមត្ថភាពជាច្រើននៅសល់” ។ “ដូច្នេះយើង​ចង់​ធ្វើឲ្យប្រាកដនូ​វ​សមត្ថភាពដើម្បីបន្តជួយ​ការពារ​ដល់អ៊ុយក្រែនទប់ជាមួយ​រុស្ស៊ី​”។ កាសែត Financial Times បានដកស្រង់សម្តីមន្ត្រីការពារជាតិអាម៉េរិកពីររូបដែលនិយាយថា របាយការណ៍ចារកម្ម​របស់អង្គការណាតូរកឃើញថា រុស្ស៊ីកំពុង“ប្រមូលផ្តុំយន្តហោះស្លាបថេរ និងយន្តហោះចម្បាំងចល័ត​នៅជិតព្រំដែនជាមួយអ៊ុយក្រែន”។

មនុស្សម្នាក់ទៀតបានប្រាប់កាសែត Times ថា “កងកម្លាំងនៅលើដីរបស់រុស្ស៊ីមានការថយចុះយ៉ាងខ្លាំង ដូច្នេះពួកគេនឹងប្រែក្លាយវាទៅជាការប្រយុទ្ធតាមផ្លូវអាកាសវិញ” ។ “ប្រសិនបើ​ប្រជាជន​អ៊ុយក្រែន​នឹង​អាច​រស់​បាន ពួកគេ​ត្រូវ​មាន​សមត្ថភាព​ការពារ​អាកាស និង​គ្រាប់​រំសេវ​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បានផងដែរ”។ ជុំវិញរបាយការណ៍ដ៏កំពុងឡើងកម្តៅនេះ នៅពេលសួរថាតើសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន​បានពិភាក្សាអំពីបញ្ហានៃការបញ្ជូនយន្តហោះចម្បាំងទៅជួយអ៊ុយក្រែន ឬអត់ Austin ប្រមុខការពារជាតិ​អាម៉េរិកបាននិយាយថា “ខ្ញុំមិនមានសេចក្តីប្រកាសណាមួយដែលត្រូវធ្វើនៅថ្ងៃនេះទេ”៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា