សន្ដិសុខសង្គម

រថយន្តបើកបុកម៉ូតូពីក្រោយបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាម

សៀមរាប៖គ្រោះថ្នាក់ចរាចរបង្កពីរថយន្តមិនស្គាល់អត្តសញ្ញាណបានបើកបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។ហេតុការណ៍នោះបានកើតឡើងនៅលើផ្លូវជាតិលេខ៦ ក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីរំលងអធ្រាត្រឈានចូល​ថ្ងៃទី១៥ ខែកុម្ភៈ។

សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ មានម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខសៀមរាប1AI-6520 បើកបរដោយឈ្មោះ ផាត់ ផនស៊ី អាយុ២៣ឆ្នាំនៅ ភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកពីកើតទៅលិច។ចំណែករថយន្តមិនស្គាល់អត្តសញ្ញាណ បានបើកមកពីក្រោយ​ក្នុងល្បឿនលឿនក៏បុកម៉ូតូពេញទំហឹងបណ្តាលឱ្យបុរសខាងលើស្លាប់មួយរំពេច ចំណែករថយន្តបានបើករត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានដឹកសាកសពយកទៅតម្កល់ទុកនៅវត្តស្វាយធំ។ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវផ្នែកចរាចរណ៍យកទៅទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងនិងបន្តរកចាប់តៃកុងនិងរថយន្តមកចាត់ការតាមច្បាប់៕ដោយៈវិចិត្រ