សន្ដិសុខសង្គម

ជិះម៉ូតូវ៉ាជែងបុកជាមួយរថយន្តមកពីមុខ បណ្ដាលឱ្យក្មេងស្រីម្នាក់ស្លាប់២នាក់ទៀតរបួសធ្ងន់

ក្រចេះ៖គ្រោះថ្នាក់ចរាចរដោយមានក្មេងស្រី៣នាក់ជិះម៉ូតូឌុបគ្នា បើកវ៉ាជែងរថយន្តហើយទៅបុក​រថយន្តមកពីមុខបណ្តាលឱ្យស្លាប់ម្នាក់និង២នាក់ទៀតរងរបួសធ្ងន់។

មន្ត្រីនគរបាលស្រុកស្នួលបានឱ្យដឹងថា ករណីគ្រោះ​ថ្នាក់ចរាចរនេះបានកើតឡើង​ នៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល​ ខេត្តក្រចេះ លើផ្លូវជាតិលេខ៧ ស្នួល-ក្រចេះ នារសៀលថ្ងៃទី១៥ ខែកុម្ភ:។មុនកើតហេតុមានក្មេងស្រីវ័យ១៤ទៅ១៥ឆ្នាំ៣នាក់ បានជិះម៉ូតូឌុបគ្នាវ៉ាជែងរថយន្តមួយគ្រឿង​ក៏ជ្រុលបុកជាមួយរថយន្តមកពីមុខពេញទំហឹង បណ្តាលឱ្យស្លាប់និងរបួសធ្ងន់ធ្ងរ។

មន្តី្រដដែលបានបន្តថា ម៉ូតូម៉ាក VISON គ្មានផ្លាកលេខបើកបរដោយក្មេងស្រីឈ្មោះឆាត ស្រីនាត អាយុ១៥ឆ្នាំ បានស្លាប់។ អ្នករួមដំណើរឈ្មោះម៉ៅ រ៉ានស្មី អាយុ១៤ឆ្នាំ រងរបួសធ្ងន់និងម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណរងរបួសធ្ងន់។ពួកគេនៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។

រថយន្តម៉ាក HYUNDAI ផ្លាកលេខ កំពង់ចាម2A-5641 បើកបរដោយឈ្មោះញឹក ប៊ុនលី អាយុ៦០ឆ្នាំ នៅភូមិសង្គមមានជ័យថ្មី ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។បន្ទាប់ពីមានគ្រោះថ្នាក់អ្នករងរបួសត្រូវបានរថយន្តពេទ្យដឹកទៅមន្ទីរពេទ្យប្រទេសវៀតណាមសង្គ្រោះបន្ទាន់។ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យ៕ដោយ៖ វីរ