សន្ដិសុខសង្គម

ករណីលិចទូកក្នុងទន្លេស្ទឹងត្រែងរកឃើញសពម្នាក់ហើយ

ស្ទឹងត្រែង៖រសៀលថ្ងៃទី១៥ ខែកុម្ភៈនេះ កម្លាំងអាជ្ញាធរនិងប្រជាពលរដ្ឋបានរកឃើញសពម្នាក់ហើយ ចំណោម៤នាក់ដែលបាត់ខ្លួនករណីលិចទូកនៅទន្លេមេគង្គខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឱ្យដឹងមុននេះបន្តិចថា ​សាកសពត្រូវកម្លាំងចម្រុះបានជិះទូករកឃើញនៅផ្នែកខាងក្រោម​នៃដងទន្លេពីកន្លែងកើតហេតុប្រមាណជា៤០០ម៉ែត្រ។សពដែលរកឃើញនៅរសៀលថ្ងៃនេះបន្ទាប់ពី​លិចទូកកាលពីថ្ងៃទី១៤កុម្ភៈនៅត្រង់កន្ទុយកោះហាន ស្ថិតក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ។

សពម្នាក់នេះគឺជាឪពុកឈ្មោះសុត មី អាយុ៥៨ឆ្នាំ។នៅមនុស្ស៣នាក់ទៀតមិនទាន់រកឃើញ១-ឈ្មោះម៉ី សុគ្រី ភេទស្រី អាយុ២៥ឆ្នាំ ,២-ឈ្មោះលូយ ចន្ទ្រា ភេទប្រុស អាយុ៨ឆ្នាំនិងឈ្មោះលួយហាត់ ភេទប្រុស អាយុ៦ឆ្នាំ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ពលរដ្ឋមានក្មេងចាស់ចំនួន៨នាក់ បានធ្វើដំណើរតាមទូកតូច​មួយគ្រឿងចេញពីភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យឆ្លងកាត់តាមទន្លេមេគង្គ។ពួកគេទៅប្រកបមុខរបរនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។លុះមកដល់ចំណុច​កន្ទុយកោះហាន ឃុំកោះស្នែងក៏បានលិចទូក ហើយមនុស្ស៤នាក់រួចផុតពីគ្រោះថ្នាក់ ប៉ុន្តែ៤នាក់ទៀតបានបាត់ខ្លួន។មកដល់រសៀលថ្ងៃនេះទើបរកឃើញសពម្នាក់៕ដោយ:សុខុម