សេដ្ឋកិច្ច

អំបិលកំពតកែប នឹងចុះបញ្ជីផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ នៅខែមេសាខាងមុខ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «អំបិលកំពតកែប» នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ចំថ្ងៃទិវាកម្មសិទ្ធិបញ្ញាពិភពលោក។ នេះយោងតាមលទ្ធផលនៃកិច្ចប្រជុំ រវាងនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួង ពាណិជ្ជកម្មជាមួយជំនាញការនៃអង្គការ WIPO និងជំនាញការអន្តរជាតិ នៃអង្គការ AFD កាលពេលថ្មីៗនេះ។

ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ«អំបិលកំពតកែប»នឹងធ្វើឱ្យផលិតផលខ្មែរមួយប្រភេទនេះមាន ឈ្មោះ ល្បីទាំងនៅក្នុងស្រុក និងលើអន្តរជាតិ។នេះជាកិត្តិយសមួយរបស់ខេត្តកំពត ដែលផលិតផលមួយប្រភេទទៀត ត្រូវបានដាក់ម៉ាក សម្គាល់ភូមិសាស្រ្តទំនិញ បន្ទាប់ពីម្រេចកំពត។

ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា៖ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់កសិករផលិតអំបិលឱ្យទទួល បាន តម្លៃបន្ថែម ព្រមទាំងជំរុញការនាំចេញអំបិលជាផ្លូវការ ទៅទីផ្សារអន្តរជាតិ ខណៈបច្ចុប្បន្ននេះអំបិលកំពត កែប បាននាំចេញទៅ ទីផ្សារក្រៅប្រទេសហើយ ប៉ុន្តែនាំចេញក្រោមទម្រង់តូចៗ តាមរយៈនាំចេញទៅជាមួយម្រេចកំពតប៉ុណ្ណោះ។

ផ្ទៃដីផលិតអំបិលផ្លូវការ ដែលរដ្ឋទទួលស្គាល់មានចំនួនជាង ៣៧០០ហិកតា និងក្រុមអ្នកផលិតមានចំនួន២០០ក្រុម។ ប៉ុន្តែដោយសារ តែបញ្ហាអាកាសធាតុ បានធ្វើអ្នកផលិតមួយចំនួនខាតបង់ ដែលធ្វើឱ្យពួកគេបោះបង់ការផលិត ដោយបច្ចុប្បន្ននេះ អ្នកផលិតនៅសល់ តែប្រមាណ ១៣៩ក្រុមប៉ុណ្ណោះ៕ដោយៈសិរីមតី