អន្តរជាតិ

អាល្លឺម៉ង់ថាស៊ុយអែតនិងហ្វាំងឡង់មិនអាចបន្តពន្យារពេលចូលជាសមាជិកអង្គការណាតូទៀតទេ

អាល្លឺម៉ង់និយាយថា មិនត្រូវបន្តពន្យារពេលទុកឲ្យស៊ុយអែត និងហ្វាំងឡង់រង់ចាំយូរពីការចូលជា​សមាជិកអង្គការណាតូតទៅទៀតបានទេ សម្ព័ន្ធភាពត្រូវការកម្លាំងរួមគ្នាដ៏រឹងមាំទប់ទល់ការ​គំរាមកំហែងពី​បច្ចាមិត្ត។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានអំពាវនាវឱ្យតួកគីនិងហុងគ្រី មេត្តាត្រួសត្រាយផ្លូវសម្រាប់ហ្វាំងឡង់និងស៊ុយអែត ដើម្បីចូលរួមជាមួយណាតូឲ្យបានឆាប់​តាមដែលធ្វើទៅបាន។ Baerbock បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Helsinki ជាមួយសមភាគីហ្វាំងឡង់លោក Pekka Haavisto នៅដើមសប្តាហ៍នេះថា ការចូលជាសមាជិកនៃ​ប្រទេស​ទាំងពីរនឹងពង្រឹងសម្ព័ន្ធភាពទាំងមូលឲ្យរឹងមាំ ហើយភាគីទាំងពីរគួរតែត្រូវបានចូលរួម​ជាសមាជិកដំណាលគ្នាតែម្តង”។

ហ្វាំងឡង់និងស៊ុយអែតបានស្វែងរកសមាជិកភាពបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយ ក្រែនតាំងតែពីឆ្នាំមុនមកម្ល៉េះ ហើយបាននិយាយថាពួកគេចង់ចូលរួម “ចាប់ដៃគ្នា”ណាស់ ប៉ុន្តែខណៈពេលដែលរដ្ឋជាសមាជិកភាគច្រើនបានផ្តល់ភ្លើងខៀវ  តួកគីនិងហុងគ្រីស្រាប់តែ​មិនបានយល់ព្រម មិនទាន់ផ្តល់សច្ចាប័នទៅវិញ។ មកទល់នឹងពេលនេះ បញ្ហាដែលធ្វើឲ្យសមាជិកភាពនេះនៅជាប់គាំង គឺអាស្រ័យចុងក្រោយតែលើតួកគីប៉ុណ្ណោះ សម្រាប់ហុងគ្រីគឺមិនមានបញ្ហាឡើយ ព្រោះនាយករដ្ឋមន្ត្រី Orban បាននិយាយនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២រួចហើយថា សភារបស់ប្រទេសនេះនឹងផ្តល់សច្ចាប័នលើសមាជិកភាពរបស់អង្គការណាតូ​សម្រាប់ប្រទេសទាំងពីរនៅដើមឆ្នាំ២០២៣។

តួកគីមានការលំបាកផ្ទាល់ខ្លួន ដោយបានលើកហេតុផលថា ខ្លួនពិបាកក្នុងការផ្តល់សច្ចាប័នឲ្យ​ទៅស៊ុយអែត ចំពោះហ្វាំងឡង់ខ្លួននឹងយល់ព្រម។ តួកគីបានស្នើឲ្យស៊ុយអែតមេត្តាធ្វើបត្យាប័ន​ក្រុមមនុស្សប្រឆាំងរដ្ឋាភិបាលគណបក្សពលករ (PKK)ដែលកំពុងនៅស៊ុយអែតមកឲ្យរដ្ឋាភិបាលតួកគី ដើម្បីកាត់ទោស ជាថ្នូរក្នុងការផ្តល់សច្ចាប័ន ទាំងដែលក្រុមមនុស្សទាំងនោះមានទំនាក់ទំនង​ជិតស្និទ្ធខ្លាំងជាមួយរដ្ឋាភិបាលស៊ុយអែត៕

ប្រភព៖The HILL

ប្រភពរូប៖The HILL
ប្រែសម្រួល៖សុខ តុលា